ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិពោងពាយទទួល បានការស្ថាបនាដាក់លូសងខាងផ្លូវ ដែលមានមុខកាត់ទំហំ០,៨០ម៉ែត្រ ពីសាលាខណ្ឌសែនសុខ មានប្រវែង៥៤០ម៉ែត្រ ដែលជួបការលំបាកនាពេលកន្លងមក។
ការស្ថាបនានេះចាប់ផ្តើមកាលពីព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវដីលេខ ១០០៧Z ស្ថិតនៅក្រុមទី៧ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្ថាបនាឡើងដើម្បីបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង និងសម្រួលទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលបានសំណោមពរនាពេលកន្លងមក។
ក្នុងពិធីនេះក្រោមអធិបតីភាព លោក អ៊ូវ ឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកៗស្រីជា សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងមន្រ្តីរាជការសាលាខណ្ឌសែនសុខ រួមជាមួយប្រជាពលរដ្ឋមកពីបណ្ដាភូមិចំនួន១៥០នាក់ផងដែរ។
លោកប៉ឹល កុសល បានថ្លែងថាប្រសិនបើក្នុងពេលដែលក្រុមហ៊ុន កំពុងបន្តស្ថាបនាដាក់ប្រព័ន្ធលូ មានទាំងការជីក-គាស់ធ្វើឲ្យប៉ះពាល់ឫរំខាន ក៏សូមអធ្យាស្រ័យផងដែរ ហើយប្រសិនជាប្រជាពលរដ្ឋ ចង់ដាក់ប្រព័ន្ធលូបង្ហូរទឹកចេញពីផ្ទះនីមួយៗ ចូលមកក្នុងប្រព័ន្ធលូ ដែលកំពុងដាក់ស្ថាបនានេះ ក៏អាចដាក់បានដែរ ដោយគ្មានចំណាយអស់ថវិកាឡើយ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៍បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់់ទៅលើបរិដ្ឋានដោយទុកដាក់សំរាមអោយបានត្រឹមត្រូវកុំចោលពាសវាលពាសកាលនិងសូមកុំរំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្មរនៅពេលផ្លូវស្ថាបនារួច។
លោក បន្តថា ពាក់ព័ន្ធការដាក់ប្រព័ន្ធលូរំដោះទឹកនាពេលនេះ ក៏ព្រោះតែមានការស្នើសុំយ៉ាងយកចិត្តទុកដាក់ពីលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ដែលបានខិតខំប្រឹងប្រែងជួយដោះស្រាយជូនប្រជាពលរដ្ឋ អញ្ជឹងទេ សូមឲ្យប្រជាពលរដ្ឋជួយដល់បេក្ខភាពលោកចៅសង្កាត់វិញផង ដោយទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខ។
បន្ទាប់មកគណៈអធិបតីបានអញ្ជើញទៅពិនិត្យមើលគ្រឿងចក្រ និងកន្លែងដែលក្រុមហ៊ុនម៉ៅការកាយដាក់លូ៕ តុង សីហា