ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីបារាំង ជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ភ្លាមៗ

ចែករំលែក៖

ក្រោយពេលលទ្ធផលបានប្រកាសបណ្តោះអាសន្ន លោក Emmanuel Macron បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនៅថ្ងៃទី៨ ខែឧសភា ។ នៅក្នុងការសន្ទនានោះ លោក Macron បញ្ជាក់ថា លោកនឹងការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ។

អ្នកនាំពាក្យរបស់លោក Macron គឺលោកស្រី Laurence Haim បានប្រកាសឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាតាមទូរស័ទ្ទរយពេល១០នាទី លោក Macron បានប្រកាសថា លោកនឹងការពារ សន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ដោយសារតែនេះ ជាបញ្ហាសំខាន់បំផុត ចំពោះទឹកដីបារាំង និងពិភបលោកទាំងមូល ។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រឆាំងក្រុមភេរវកម្ម និងសេដ្ឋកិច្ចផងដែរ ។ មេដឹកនាំទាំងពីរ ក៏បានសម្រេចជួបគ្នានៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីទួរគី លោក អីដូហ្គាន ក៏បានទូរស័ព្ទជូនពរលោក Macron ដែលបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ដោយលោកបញ្ជាក់ថា ជ័យជំនៈរបស់លោក Macron នឹងនាំមកនៅក្តីសង្ឃឹមដល់អានាគតអឺរ៉ុប កាន់តែភ្លឺថ្លា។

ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអីរ៉ាក់ Haider Al Abadi ក៏បានផ្ញើលិខិតជូនពរដល់លោក Macron ដោយបញ្ជាក់ថា អីរ៉ាក់នឹងសហការជាមួយបារាំង ប្រឆាំងនឹងក្រុមភេរវកម្ម IS។ ក្រៅពីនេះ អីរ៉ាក់ និងបារាំងនៅតែសហការគ្នាលើវិស័យជាច្រើនទៀតក្នុងនោះមានវិស័យសេដ្ឋកិច្ចជាដើម ។

ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជូនពរដល់លោកម៉ាក្រុង ដែលទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋបារាំង ជ្រើសរើសឲ្យលោកឡើងដឹកនាំប្រទេស ក្លាយជាប្រធានាធិបតីវ័យក្មេងនៅក្នុងប្រទេសនេះ។

ជ័យជំនះរបស់លោក Macron ត្រូវបានគេចាត់ទុកថា ជាជ័យជំនះរបស់អឺរ៉ុបទាំងមូល ដោយសារតែលោកមានទស្សនៈនយោបានគាំទ្រអឺរ៉ុប ៕ ម៉ែវ សាធី


ចែករំលែក៖