ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលកំពុងបំផ្លាញផ្លូវជាតិលេខ១១០

ចែករំលែក៖

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានរិះគន់ទៅលើ​ក្រុមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលថា បាននឹងកំពុងបំផ្លាញផ្លូវជាតិ​លេខ​១១០ ។ ការរិះគន់នេះធ្វើឡើងគ្រាដែលក្រុមមន្ត្រីទាំងអស់នោះកំពុងឈរជើងនៅសាង​សង់ស្ពានព្រែកឃ្លោក ហើយបានបើកគ្រឿងចក្រកង់ច្រវ៉ាក់តាមបណ្តោយផ្លូវជាតិលេខ១១០ ដោយពុំបានគិតពីផលប៉ះពាល់ និងការខូចខាតផ្លូវ ។

ប្រជាពលរដ្ឋនិយាយថា ចាប់តាំងពីក្រុមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កណ្តាលចុះមកស្នាក់នៅក្នុងការដ្ឋាន ដើម្បីសាងសង់ស្ពានព្រែកឃ្លោក គឺមានរយៈពេលជា​ច្រើនខែមកហើយ ។ ពេលត្រូវការគ្រឿងចក្រជីកកកាយដីនៅការដ្ឋានសំណង់ ក្រុមមន្ត្រីទាំង​នោះតែងតែងមកបើកគ្រឿងចក្រ ដែលមានកង់ច្រវ៉ាក់ពីកន្លែងទុក មានទីតាំងនៅ​ខាងមុខ​វិទ្យា​ល័យ​ ហ៊ុន សែន ត្រើយស្លា ។ ក្រុមមន្ត្រីបានបើកគ្រឿងចក្រកង់ច្រវ៉ាក់ដោយផ្ទាល់នៅលើផ្លូវ​ជាតិ ដោយមិនបានគិតពីផលប៉ះពាល់ និងការខូចខាតផ្លូវនោះទេ ។ ទីតាំងទុកដាក់គ្រឿងចក្រ​មានចម្ងាយប្រមាណ២គីឡូម៉ែត្រពីការដ្ឋានសាងសង់ស្ពាន ជាហេតុធ្វើឲ្យផ្លូវជាតិប្រវែង២គីឡូ​ម៉ែត្ររងការខូចខាតដោយសារគ្រឿងចក្របើកពីលើ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ អ្នកយកព័ត៌មាននគវត្តបានឃើញ​សក​ម្មភាពក្រុមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បើកអេស្ការវ៉ាទ័រ​កាយដី ដែលមានកង់ច្រវ៉ាក់បើកនៅលើផ្លូវជាតិចាប់តាំងពីចំណុចទូកដាក់គ្រឿងចក្ររហូតទៅ​ដល់ចំណុចការដ្ឋានសំណង់ ដោយមិនបានគិតពីផលប៉ះពាល់នោះទេ ។

ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលចោទសួរ អ្នកបើកគ្រឿងចក្របាននិយាយថា ការ​បើកគ្រឿងចក្រកង់ច្រវ៉ាក់ដោយផ្ទាល់នៅលើផ្លូវជាតិវាពិតជាធ្វើឲ្យផ្លូវរងការខូចខាត តែមិន​ដឹងធ្វើម៉េចទេបើកអត់មានរថយន្តសម្រាប់ដឹកទៅហើយមានតែបើកដោយផ្ទាល់ ។ អ្នកបើក​គ្រឿងចក្របានបញ្ជាក់ថា ប្រសិនបើកប្រជាពលរដ្ឋជាម្ចាស់គ្រឿងកង់ច្រវ៉ាក់បើកដោយផ្ទាល់​នៅលើផ្លូវច្បាស់ជាត្រូវចាប់ផាកពិន័យ ព្រោះកង់ច្រវ៉ាក់នេះវាយធ្វើឲ្យខូចខាតផ្លូវ ។ ដោយ​ឡែកគ្រឿងចក្រនេះមិនមានអ្នកផាកពិន័យទេ ព្រោះវាជារបស់រដ្ឋ ៕ ស្អាងជ័យ


ចែករំលែក៖