ភ្នំពេញ៖ នៅព្រឹកមិញនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបលោក ហ្វីលីព រ៉ុស្លើរ (Philipp Rosler) សមាជិកគណៈគ្រប់គ្រងវេទិកា សេដ្ឋកិច្ចពិភពលោក។ លោក ហ្វីលិព បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧។
ការរៀបចំវេទិកាថ្ងៃនេះ គឺបានទទួលនូវការទាក់ទាញពីអ្នកចុលរួមយ៉ាងច្រើនកុះករ ដែលកន្លងមក ពុំធ្លាប់មាន។ លោក ហ្វីលីព បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរ កាលពីម្សិលមិញគឺ រូបលោក បានចូលរួមវេទិកាបើកចំហរជាមួយនិស្សិតនៃសកលវិទ្យាល័យតិកណូ។ លោកផ្ទាល់បានសង្កេតឃើញ ថា យុវជនកម្ពុជាពិសេសនិស្សិតកម្ពុជាមានសក្តានុពលខ្ពស់ និងកំពុងមានការស្រេកឃ្លានយ៉ាង ខ្លាំងក្នុង ការទទួលយកនូវចំណេះដឹងសម្រាប់អនាគតរបស់ពួកគេ។
សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយយ៉ាងខ្លាំង និងបានចាត់ទុកថាការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជាថ្ងៃនេះ នឹងផ្តល់ឱកាសដល់មន្រ្តី និងប្រជាជនកម្ពុជា ពិសេសនិស្សិតនិង យុវជន បានសិក្សារៀនសូត្រទទួលបានចំណេះដឹង និងបទពិសោធដែល សម្តេចតេជោ ផ្ទាល់ចង់បាននោះគឺ ការកាត់បន្ថយគម្លាតចំណេះដឹងរវាងពលរដ្ឋនិងពលរដ្ឋក្នុងតំបន់ និងក្នុងពិភពលោកតែម្តង។
សម្តេចតេជោ ហ៊ុន សែន អរគុណ មន្រ្តីក្រុមការងារ WEF ដែលបានសហការរៀបចំវេទិកាដ៏មាន សារៈសំខាន់នេះ។ ពិធីបើកវេទិកាជាផ្លូវការនៃ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ នឹងប្រព្រឹត្តិទៅនៅម៉ោង ១:៣០ នាទីរសៀលនេះ នៅសណ្ឋាគារសុខា ភ្នំពេញ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ