ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Estanislau da Silva ទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីកសិកម្ម និងនេសាទ នៃប្រទេសទីម័រ ខាងកើត (Timore Leste) ។ លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រីទីម័រខាងកើតផ្ញើជូនចំពោះសម្តេចតេជោ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូនៃប្រទេសទីម័រខាងកើត ក្នុងការចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅកម្ពុជាពេលនេះ។
លោកទេសរដ្ឋមន្រ្តី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅ កម្ពុជានាឆ្នាំ២០១៧នេះ គឺមានភាពល្អប្រសើរ និងទទួលបានជោគជ័យបំផុត។ ទន្ទឹមនឹងនោះដែរ លោក ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពរបស់ប្រទេសទីម័រខាងកើត ដែលកំពុងរៀបចំខ្លួនក្នុង ការចូលជាសមាជិកអាស៊ាន (ASEAN) និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Estanislau da Silva រួមនឹងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧ ដែល រៀបចំឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការរៀបចំខ្លួនរបស់ ប្រទេសទីម័រខាងកើតដើម្បីក្លាយជាសមាជិករបស់អាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក (World Trade Organization-WTO)៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ