ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនផ្តល់អំណោយគ្រួសារសពកងទ័ពមួកខៀវពលីជីវិតលោកអនុសេនីយ៍ឯក ម៉ៅ អេង នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ នៅភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ដួង វណ្ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ម៉ៅ អេង ទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម បន្សល់ទុកកូន ៣ នាក់ ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីសោកសង្រែងជាទីបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុកជាទីស្រឡាញ់ និងជាវីរជនដ៏អង់អាចក្លាហានក្នុងការស្វែង រកសន្តិភាពជួនពិភពលោកទាំងមូល និងឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក សូមបាន ទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

បើតាមលោកស្រីឈ្មោះ ឆាយ ចំរើន អាយុ៣៣ឆ្នាំ ជាប្រពន្ធបានឲ្យដឹងថា រូបគាត់បានរៀបការជាមួយស្វាមី ឈ្មោះម៉ៅ អេង មានចំណងដៃ កូន៣នាក់ កូនទី១-ឈ្មោះទិត្យ សាវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យស្វាយរៀង។ ២-ឈ្មោះ ទិត្យ កែវមុន្នី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យស្វាយរៀង។ ៣-ឈ្មោះទិត្យ វតី ភេទស្រី អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាសាមគ្គី ភូមិបាក់រនាស់ ។

លោកស្រីឆាយ ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលមានចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ដែលចូលរួមបុណ្យសពនាពេលនោះមាន៖ អង្ករ ២០០គីឡូក្រាម ទឹកក្រូច ១០ កេស ត្រីខ ២០០ កំប៉ុង មី ១០ កេស អូវ៉ាន់ទីន ១ កេស ស្កសរ ១០ គីឡូកា្រម ទឹកគូលែន ១ កេស ទឹកដោះគោឆៅ ១ កេស និង ថវិកា ២០ លានរៀលដល់គ្រួសារលោកស្រី ដែលកំពុងមានទុក្ខដ៏ក្រៀមក្រំនេះ។

លោកស្រីព្រមទាំងកូនៗ និងក្រុមគ្រួសារបានសំពះដឹងគុណ និងជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជា សូមឲ្យវត្ថុស័ក្ត្ិសិទ្ធិក្នុងលោកតាមជួយថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុយឺនយូ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយដល់គ្រួសាររងគ្រោះឲ្យចាកផុតទុក្ខគ្រប់ៗគ្នា ៕ យឹម សុថាន


ចែករំលែក៖