ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្លាប់ស្ត្រីកូនខ្ចីនៅពោធិ៍សែនជ័យ ជាអំពើប្លន់យកទូដែកសរុប២មឺុនដូល្លារ

ចែករំលែក៖

ភ្នំពេញ៖ អាសូរណាស់ ក្មេងស្រីទើបតែអាយុ២ខែប៉ុណ្ណោះ ត្រូវបានម្តាយស្លាប់ចោលទាំងមិនទាន់ដឹងថា ម្តាយមុខយ៉ាងម៉េចផង ដោយសារក្រុមជនសង្ស័យធ្វើសកម្មភាពចូលប្លន់យកទូដែក រួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃ រិតកក្នុងបន្ទប់ទឹក ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧​ នៅផ្ទះលេខ I 12 ផ្លូវ20k ក្រុម៨​ ភូមិចំការឪឡឹក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះទូច​ ម៉ារី​ ភេទស្រីអាយុ៣៤​ ឆ្នាំ​ មុខរបរនៅផ្ទះ​ មានប្តីឈ្មោះ​ ឃឹម សុខឃួន​ អាយុ៣៧​ ឆ្នាំ មុខរបលក់បន្លែ​ និងមានកូនតូចៗ៤នាក់ ស្រីម្នាក់ទើបតែអាយុ២ខែ​ អ្នកទាំង២មានស្រុកកំណើតនៅភូមិព្រៃប៉ះ ឃុំកោះធំ ស្រុកកោះធំ​ ខេត្តកណ្តាល​ ។

នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ម្តាយ និងកូនតូច ទើបសម្រាលបានអាយុ២ខែ​ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ ចំណែកកូនៗ៣នាក់ទៀតទៅរៀនអស់ ។ លុះមកដល់វេលាកើតហេតុ កូនច្បងបានចេញពីសាលារៀនវិញ ពេលមកដល់ផ្ទះមិនឃើញម្តាយ មើលប្អូនដែលដេកនៅលើគ្រែ ក៏ដើរចូលទៅខាងក្នុងផ្ទះផ្នែកខាងក្រោយ ដោយដើរកាត់មុខបន្ទប់ទឹក ស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើឲ្យរួបគេភ័យរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ។

ភ្លាមនោះមានបុរសម្នាក់ដែលនៅជិតគ្នារត់ទៅមើលឃើញជនរងគ្រោះដេកបែបនេះ ក៏លើកផ្ងារួចធ្វើចលនាបេះដូង តែដោយអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ។

ក្រោយកើតហេតុបងប្អនជនរងគ្រោះមកដល់ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ជនរងគ្រោះបានបាត់ទូដែក ។

សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីវែកមុខជនល្មើសយកមកដាក់ទោសតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖