ខេត្តកំពង់ចាម៖ តារាចម្រៀងលោកឆាយ វិរៈយុទ្ធបានចិត្តចូលរោងជ័យហើយ ជាមួយកូនថៅកែរោងម៉ាស៊ីនស្រូវល្បីឈ្មោះ ក្នុងខេត្តកំពង់ចាមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា ពួកគេបានសិក្សាចិត្តគ្នារហូតជាង៧ឆ្នាំ ទើបសម្រេចចិត្តចូលរោងជ័យ ។
មង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិស្កុន ឃុំសូរ្យពិន ស្រុងជើងព្រៃ ខេត្តកំពង់ចាម។ គ្រួសារខាងស្រី ត្រូវបានគេដឹងថា គឺជាអ្នកជំនួញខាងស្រូវអង្គរ ដែលមានរោងម៉ាស៊ីនកិនត្រូវមួយឈ្មោះរោងម៉ាស៊ីនកិនត្រូវហាក់សែ។
តាមការបញ្ជាក់ពីឆាយ វិរៈយុទ្ធ ខ្លួនបានស្គាល់ភរិយារបស់ខ្លួន តាមរយបងប្រុសដែលបងប្រុសបង្កើតរបស់លោកជាមិត្តភ័ក្ដិបងប្រុសបង្កើតភរិយារបស់លោក គ្រាដែលគ្រួសារទាំង២ទៅញ៉ាំអាហារជាមួយគ្នា ។ ដោយភរិយារបស់លោក មានទេពកោសល្យខាងសរសេរបទចម្រៀងផងនោះ ក៏មាននិស្ស័យជាមួយគ្នា ហើយបន្តសិក្សាចិត្តគ្នាតែម្ដងទៅ ។ ជាមួយគ្នានោះដែរ ភរិយារបស់លោក ក៏ធ្លាប់បានសរសេរបទចម្រៀងឲ្យលោកច្រៀងបានប្រហែល១០បទផងដែរ ។ តារាចម្រៀងរូបនេះបញ្ជាក់ថា លោកមានជីវិតល្អប្រសើរដោយសារតែចម្រៀង ហើយឱកាសបានស្គាល់ភរិយា ក៏ដោយសារតែសិល្ប:ដែរ ទើបលោកមិនចោលសិល្ប:ជាដាច់ខាតដរាបណាមហាជននៅតែគាំទ្រលោក។
លោកថា សិល្ប:គឺជាចំណូលចិត្ត តែមុខជំនួញ ក៏ជាកិច្ចការថ្មីដែលត្រូវរៀនសូត្រផងដែរ ទើបលោកយល់ថា ការងាររបស់ខ្លួនបន្ទាប់ពីរៀបការហើយ គឺអាចបន្ថែមដោយមិនមានការបោះបង់នោះទេ ។ លោកនៅតែរក្សាជំហរពង្រឹងការងារផលិតចម្រៀងថ្មីៗ និងរៀបចំក្រុមរាំឲ្យបានល្អក្នុងគោលបំណងប្រកួតប្រជែង ដោយមិនដកដៃជាដាច់ខាតបើទោះក្រោយពេលរៀបការលោកអាចងាកទៅគិតរឿងជំនួញជាមួយភរិយាបន្ថែម ។
ក្រោយពីរៀបការរួច លោកឆាយ វិរៈយុទ្ធ នៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែល ហើយភរិយារបស់លោក ក៏គាំទ្រនិងបន្តជួយនិពន្ធបទចម្រៀងឲ្យច្រៀងថែមទៀត ។ អាពាហ៍ពិពាហ៍របស់លោកបានអញ្ជើញភ្ញៀវប្រហែលជិត២០០តុ ក្នុងនោះអ្នកសិល្បៈមានប្រហែល២០ទៅ៣០តុ ក្នុងនោះមានអ្នកសិល្បៈមួយចំនួនធំផងដែរ ។ លោកមិនមានគ្រោងមកកាត់ចំណងដៃនៅភ្នំពេញឡើយ ៕ វឌ្ឍនា