ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកម៉ាឡៃ អតីតតំបន់សមរភូមិសង្រ្គាម ក្រោយធ្វើសមាហរណកម្ម ទទួលបានសមិទ្ធផលរីកចម្រើនគ្រប់វិស័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ ដែលមានភូមិសាស្រ្ត ជាប់ព្រំដែនកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ អតីតតំបន់សរភូមិសង្រ្គាមវាយប្រយុទ្ធបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ ហើយរងការខ្ទេចខ្ទាំដោយសង្រ្គាម ក្រោមការគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហម ក្រោយពីធ្វើសមាហរណកម្មមករួមរស់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល២១ឆ្នាំចុងក្រោយនេះ បានទទួលនូវសមិទ្ធផលពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ រួមមាន៖ សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត ភ្លើងអគ្គីសនី និងសមិទ្ធផលជាច្រើនទៀត ដែលផ្តល់នូវភាពងាយស្រួលបម្រើឲ្យ ការរស់នៅ របស់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ឲ្យកាន់តែប្រសើរឡើង ក្នុងការមុខរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ប្រជាពលរដ្ឋស្រុកម៉ាឡៃមកដល់ពេលនេះ បានកើនឡើងរហូតដល់១២,៥៦៦គ្រួសារ (មួយម៉ឺនពីរពាន់ប្រាំរយហុកសិបប្រាំមួយគ្រួសារ) ទៅហើយ បើប្រៀបធៀបទៅមុនការសមាហរណកម្ម ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនខ្មែរ ក្រហមមានចំនួនជាង៩ពាន់គ្រួសារប៉ុណ្ណោះ ។

លោក ឃុយ ម៉ន ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ និងអតីតមេបញ្ជាការកងទពពិសេសខ្មែរក្រហមកងពល៤៥០ ឈរជើងនៅស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា ស្រុកម៉ាឡៃ កាលពីរនៅក្នុងដំណាក់កាលភ្លើងសង្រ្គាម ប្រជាជនរស់នៅរងទុក្ខវេទនាជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ ឮសូរតែគ្រាប់កាំភ្លើង ផ្លោងតូចធំ គ្រប់ប្រភេទ។ ប្រជាជនខ្លះស្លាប់ដោយគ្រាប់កាំភ្លើងផ្លោងប្រជាជនខ្លះទៀតស្លាប់ ដោយគ្រាប់មីន និងស្លាប់ដោយគ្រុនចាញ់ ជាដើមនោះ ។

លោកប្រាប់ឲ្យដឹងទៀតថា ស្រុកម៉ាឡៃត្រូវបានបញ្ចប់សង្រ្គាមទាំងស្រុងកាលពីឆ្នាំ១៩៩៦ ក្រោយពីធ្វើសមាហរណកម្មចូលមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យស្រុកម៉ាឡៃមកដល់ពេលបច្ចុប្បន្ននេះ បានប្រែមុខមាត់ថ្មី ស្រុកធ្លាប់តែរងការខ្ទេចខ្ទាំដោយភ្លើងសង្រ្គាម បានទទួលការកសាងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនឹកស្មានមិនដល់ ។ ប្រជាជនរស់នៅក្នុងជីវភាពធូរធារ ហើយប្រជាជនប្រហែល៨០ភាគរយប្រកបមុខរធ្វើចំការ ដើម្បីទ្រទ្រង់ផ្គត់ផ្គង់គ្រួសារ បង្កើនជីវភាព ។ ក្នុងនោះដោយមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា នឹង ថៃ ប្រជាជនស្រុកម៉ាឡៃ ដែលបានដាំដុះដំណាំកសិផលនានាទទួលបានហើយនោះ ត្រូវបាននាំយកទៅលក់នៅប្រទេសថៃ។

ប្រជាជនរស់នៅក្នុងស្រុកម៉ាឡៃ ក៏បានសំដែងចេញ និងបានមើលឃើញពីការការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដើរលើផ្លូវត្រូវ កសាងអភិវឌ្ឍន៍រីកចម្រើន នៅក្នុងភូមិឃុំរបស់គាត់ កូនចៅបានចូលរៀនសូត្រ គ្រប់គ្នា ប្រជាជនរស់នៅមានសិទ្ធិសេរីភាពសព្វបែបយ៉ាងដោយគ្មានការគាបសង្កត់អ្វីនោះឡើយ។

សូមបញ្ជាក់ថា ស្រុកម៉ាឡៃមានចម្ងាយពីទីរួមខេត្តបន្ទាយមានជ័យ៧៦គីឡូម៉ែត្រ ខាងជើងជាប់ព្រំប្រទល់ ប្រទេសថៃ និងក្រុងប៉ោយប៉ែត ខាងលិចជាប់ប្រទេសថៃ ខាងត្បូងជាប់ស្រុកសំពៅលូន ខេត្តបាតដំបង ខាងកើតជាប់នឹងស្រុកអរជ្រៅ និងមង្គលបុរី ។ ស្រុកម៉ាឡៃមាន ព្រំដែនជាប់នឹងប្រទេសថៃប្រវែង៤៦គីឡូម៉ែត្រ ៕ សំ វិច្ឆិកា

 


ចែករំលែក៖