ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោបន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែបន្ថែមទៀតក្នុងសង្កាត់ព្រែកកំពឹស​

ចែករំលែក៖

ភ្នំពេញ៖​ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ៤៦៩ម៉ែត្រ ដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧ នៅក្នុងភូមិព្រែកថ្លឹង និងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

មន្ត្រីខណ្ឌដង្កោបានអោយដឹងថា​ គម្រោងផ្លូវទាំង០២ខ្សែ រួមមាន៖ខ្សែទី១ ប្រវែង ២៤៥ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹងខ្សែទី២ ប្រវែង ២២៤ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកកំពឹស

ក្នុងឱកាសនោះដែល​លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី ០២ខ្សែន​ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលបាន ផ្តាំផ្ញើរដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ជាមួយគ្នាលោកអភិបាលក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង ៕ ភារ៉ា ដង្កោ


ចែករំលែក៖