ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកផលិតកម្ម BN ប្រកាសដើរចេញពីផលិតកម្ម ក្រោយខ្វែងគំនិតរឿងនយោបាយជាមួយ គីម ថាណា

ចែករំលែក៖

ភ្នំពេញ៖ គេចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ លេចចេញអត្ថបទសារព័ត៌មានមួយដែលលើកឡើងថា “ គីម ថាណា រិះគន់ត្រង់ៗចំពោះអ្នកសិល្បៈចេញមុខលើកជើងគណបក្ស” អត្ថបទនេះបាន រិះគន់ចំៗចំពោះអ្នកសិល្បៈជាច្រើនលេចមុខចេញផ្សព្វផ្សាយ និងឃោសនា គណបក្សនយោបាយ ហើយធ្វើឲ្យតារាចម្រៀងរូបនេះរង្គៀសចិត្ត។ ការលើកឡើងនេះបានធ្វើឲ្យអគ្គនាយក ផលិតកម្មBN អ្នកស្រី នូ វាសនា ចេញមុខប្រតិកម្មនឹងការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន និងប្រកាសដើរចេញលាលែងពីតំណែងក្នុងផលិតកម្មនេះ។

មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអគ្គនាយកផលិតកម្ម BN Production បានប្រកាសដើរចេញពីផលិតកម្ម ក្រោយពីតារាចម្រៀង គីម ថាណា ចេញមុខរិះគន់សិល្បករមួយចំនួនលេចមុខគាំទ្រគណបក្សនយោបាយ។ អ្នកស្រី នូ វាសនា ដែលគេស្គាល់ថា ជាម្ចាស់ហាងកាត់ដេរធ្លាប់ល្បីឈ្មោះ «បូរ៉ានិច្ចកាត់ដេរ» បានលើកឡើងថា អ្នកស្រីជាអគ្គនាយកក្រុមហ៊ុន BN Media ដែលក្នុងនោះ មានផលិតកម្ម BN , BN Models និង BN Production ដោយ BN Production គឺមានលោក គីម ថាណា ជាអ្នកគ្រប់គ្រងទៅលើការផលិតបទចំរៀង និងគ្រប់គ្រងទៅលើតារាចម្រៀង។

អ្នកស្រីបន្តថា ដោយសារការមានការគិត និងស្រលាញ់បក្សនយោបាយខុសៗគ្នា ទើបអ្នកស្រីជាអគ្គនាយក BN Media សូមដកខ្លួនចេញពីការគ្រប់គ្រង BN Production ឈប់ទទួលខុសត្រូវដឹងឮទៀតហើយ គឺទុកឲ្យគីម ថាណា ជាអ្នកទទួលខុសត្រូវវិញ។ អ្នកស្រីលើកឡើងថា នាងខ្ញុំ នូ វាសនា ជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាមួយរូប ដែលមានតួនាទីក្នុងក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដោយលោក គីម ថាណា មានការគិត និងមិនសប្បាយចិត្តជាមួយការងាររបស់អ្នកស្រី ទើបអ្នកស្រីដកខ្លួនចេញ កុំឲ្យប៉ះពាល់អារម្មណ៍របស់លោក គីម ថាណា ហើយការនិយាយរបស់លោក គីម ថាណា ក៏បានប៉ះបាល់អាម្មរណ៍ និងការងាររបស់អ្នកស្រីដែរ ។

គួរបញ្ជាក់ដែរថា កន្លងទៅអ្នកស្រី នូ វាសនា ធ្លាប់បានចូលរួមកិច្ចការងារសង្គមជាច្រើន ទាំងការងារសិល្បៈ និងកិច្ចការងារសប្បុរសធម៌។ ដោយការស្រលាញ់សិល្បៈ អ្នកស្រីបានបង្កើតឲ្យមានផលិតកម្ម ក្រុមតារាបង្ហាញម៉ូដ ដោយផ្តល់ការងារជាច្រើនដល់អ្នកសិល្បៈផងដែរ៕ វឌ្ឍនា


ចែករំលែក៖