ព័ត៌មានទាន់ហេតុការណ៍៖

អូសខ្សែភ្លើងដើម្បីឆក់ត្រី ឆ្លងចរន្តបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានអូសខ្សែភ្លើងដើម្បីដើរឆក់ត្រី តែចៃដន្យភ្នាត់ស្នៀត ចរន្តភ្លើងឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធ និងកូនឲ្យនៅកំព្រីកំព្រា ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តភ្នៀត ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ចុក វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់នៅភូមិ ព្រៃស្វាយ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ឃុំព្រៃជិក ស្រុកត្បូងឃ្មុំ ខេត្តកំពុងចាម ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះអូសខ្សែភ្លើងដើម្បីឆក់ត្រី ក៏ឆ្លងចរន្តបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្តង ។ បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖