ព័ត៌មានទាន់ហេតុការណ៍៖

ស្រលាញ់គ្នាមានកូន៧ខែក្នុងពោះ បុរសដោះដៃ ស្រីទារលុយទុកសម្រាលកូនក្លាយជាហិង្សា

ចែករំលែក៖

ភ្នំពេញ៖ បុរសនិងស្ត្រីពីរនាក់ស្រលាញ់រួមរស់ជាមួយគ្នារហូតដល់មានផ្ទៃពោះ៧ខែ តែក្រោយមកមិនដឹងរឿងអីបែរជាខាងប្រុសរត់ចោល ហើយខាងស្ត្រីឃើញដូច្នេះបានទាមទារឲ្យខាងប្រុសសងលុយសម្រាប់ទុកឆ្លងសម្រាលកូន ពេលនោះខាងប្រុសមិនព្រមឲ្យទើបខាងស្រីជេរប្រមាថទីបំផុតខាងប្រុសទប់ជិត្តមិនបានក៏ប្រើអំពើហិង្សាវាយពីរបីដៃទាត់មួយជើងទើបឈានដល់ប្តឹងប្តល់គ្នាដល់សាលាសង្កាត់ចោមចៅ ។

ហេតុការណ៍នេះបង្កឲ្យ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅបន្ទប់ជួល ភូមិក្រាំងដូនទៃសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះ វិនស្រីនាង អាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ចំណែកជនសង្ស័យឈ្មោះ ឃួន វិច្ឆិកា អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះនិងជនសង្ស័យស្រលាញ់គ្នាយូរមកហើយដោយមិនបានរៀបការទេ ថែមទាំងមានកូនជាមួយគ្នានៅក្នុងពោះអាយុ៧ខែទៀតផង។ក្រោយមកមិនដឹងរឿងអីស្រាប់តែជនសង្ស័យបានចាកចេញពីនាងជាប្រពន្ធដោយទុកឲ្យនាងនៅតែម្នាក់ឯង។ លុះមកដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានឃើញជនសង្ស័យកំពុងដើរតាមផ្លូវនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅក៏ទៅសុំលុយដើម្បីទុកសម្រាលកូន តែត្រូវជនសង្ស័យមិនព្រមឲ្យ។ទង្វើនេះធ្វើឲ្យជនរងគ្រោះខឹងក៏ជេរប្រមាថលើជនសង្ស័យ រហូតដល់ជនសង្ស័យទ្រាំលែងបានក៏ស្ទុះទៅវាយតប់នាងរហូតហើមមុខរលាត់ដៃជើងទើបអ្នកជិតខាងចូលទៅឃាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា ដោយទ្រាំទទួលអំពើហិង្សាពីជនសង្ស័យមិនបានជនរងគ្រោះបានរត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យទៅជួយធ្វើកិច្ចអន្តរាគមន៍ ប៉ុន្តែពេលមកដល់ស្រាប់តែជនសង្ស័យក្របួចកអាវកម្លាំងនគរបាលប៉ុស្ដិ៍ម្នាក់រហូតដាច់ឡេវ៣គ្រាប់ទើបសមត្ថកិច្ចទាក់ទងហៅកម្លាំងបន្ថែមទៀតចាប់ឃាត់ខ្លួនបុរសនេះបាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់៕ប្រាថ្នា


ចែករំលែក៖