ភ្នំពេញ:ស្ត្រីម្នាក់ស្រុកកំណើតខេត្តព្រៃវែងបានមកសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យកាល់ម៉ែត លុះពេលវះកាត់កូនបានសម្រេចហើយនោះ បែរជាស្ត្រីជាម្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពរាយការណ៍ថា ជនរងគ្រោះឈ្មោះ សៀង ណាវី អាយុ៣៥ឆ្នាំ មានមុខរបរកាត់ដេរនៅផ្ទះ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្តីឈ្មោះ ជុំ សាវុធ អាយុ៣៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តព្រៃវែង មានកូន២នាក់ ឈ្មោះ សុខ កញ្ជានា ភេទស្រី អាយុ១១ឆ្នាំ និងឈ្មោះ វុធ សុរាណា ភេទស្រី អាយុ២ថ្ងែប៉ុណ្ណោះ ត្រូវម្តាយស្លាប់ចោល។
បុរសជាប្តីប្រាប់ប្រភពព័ត៌មានថា មុនពេលកើតហេតុប្រពន្ធគាត់បានបែកទឹកភ្លោះតាំងពីស្រុកកំណើតមក ហើយគាត់ក៏បានដឹកបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត តាំងពីថ្ងែទី៣០ ខែឧសភា ឆ្នាំ២០១៧ លុះមកដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងែទី៣១ ខែឧសភា ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់សម្រាលកូនមិនចេញ ដោយសារតែគ្មានកម្លាំងសោះ ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រាប់គាត់ថា« សម្រាលមិនកើតទេ មានតែធ្វើការវះកាត់ទើបបាន » ហើយក៏រៀបចំធ្វើការវះកាត់ប្រពន្ធរបស់គាត់តែម្តង ខណ:ពេលដែលធ្វើការវះកាត់នោះ គឺក្រុមគ្រូពេទ្យធ្វើការវះកាត់ដល់ទៅ២ម្តង រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងែទី១ ខែមិថុនា ឆ្នាំ២០១៧ ក៏មានក្រុមគ្រូពេទ្យ បានបីកូនរបស់គាត់មក ហើយនិយាយថា ប្រពន្ធរបស់គាត់បានវះកាត់កូនបានសម្រេចហើយ ប៉ុន្តែខណ:ដែលធ្វើការវះកាត់ នោះ ប្រពន្ធរបស់គាត់បានបាត់បង់ឈាមច្រើនពេក ត្រូវការឈាមជាបន្ទាន់ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់គាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីបញ្ចូលឈាមក្នុងការជួយសង្រ្គោះជីវិតប្រពន្ធគាត់។ ក្នុងការបញ្ចូលឈាមនេះ គឺក្រុមគ្រូពេទ្យបានបញ្ចូលដល់ទៅ២លើក ដោយលើកទី១បញ្ចូលឈាមហូរចុះហូរឡើង ចំណែកលើកទីពីរគឺបញ្ចូលលែងចូលតែម្តង ហើយក្នុងការបញ្ចូលឈាមនេះ គឺមានបងប្អូនប្រជាពលរដ្ឋពួកគាត់អាណិតអាសូរ បាននាំគ្នាមកផ្គល់ឈាមជូនប្រពន្ធរបស់គាត់យ៉ាងច្រើននាក់ ប៉ុន្តែជាអកុសល លុះដល់វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ពួកគាត់នឹងក្រុមគ្រួសារសាច់ញាតិ ក៏ទទួលបានដំណឹងពីក្រុមគ្រូពេទ្យមកនិយាយប្រាប់ថា« ប្រពន្ធរបស់គាត់បានស្លាប់ទៅហើយ» ។ សពត្រូវបានគ្រួសារដឹកបញ្ជូនទៅធ្វើបុណ្យនៅឯស្រុកកំណើត ។
ករណីនេះមិនអាចសុំការបកស្រាយពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែតបានទេ ៕