ខេត្តកណ្តាលៈ ក្តីប្រចណ្ឌ បានធ្វើឲ្យប្តីប្រពន្ធពីរនាក់មានគំនិតខ្វែងគ្នារហូតសុំចែកផ្លូវគ្នាដើរ ដោយប្រពន្ធរស់នៅផ្សេង ប្តីរស់នៅផ្សឹង ហើយទីបំផុតបុរសជាប្តីបានណាត់ប្រពន្ធទៅលែងលះនៅសាលាឃុំ ហើយពេលបានជួបគ្នាតាមផ្លូវបុរសជាប្ដីបានយកកាំបិតសាំងគីម (កំាបិតទាហាន) ចាក់ទៅលើប្រពន្ធមួយកាំបិត រួចទើបចាក់ខ្លួនឯងពីរកាំបិតជាក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យរៀងខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិ- ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម សុខអេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនដៃដល់ ត្រូវជាប្តី មានឈ្មោះ ដន ភារិន អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្នុងករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមានកាំបិតសាំងគីមមួយដើម ។
សមត្ថកិច្ចបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ជាប្តី និងជនរងគ្រោះជាប្រពន្ធមានជម្លោះជាមួយគ្នាដោយសារប្តីប្រចណ្ឌ័ប្រពន្ធព្រោះតែប្រពន្ធឧស្សាហ៍និយាយលេង ជាមួយប្រុសៗក្នុងភូមិហើយប្តីនិយាយមិនស្តាប់។ ពេលមានជម្លោះក្នុងរឿងប្រច័ណ្ឌនេះធ្វើឲ្យ ប្តីប្រពន្ធទាំងពីរនាក់ចែកផ្លូវគ្នាដោយប្រពន្ធទៅរស់នៅជាមួយឪពុកម្តាយនៅភូមិព្រែកទំនប់ ឯ ប្តីរស់នៅភូមិកំពង់ស្វាយ ឃុំ-ស្រុកជាមួយគ្នាគឺឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ បុរសជាប្តីបានទូរស័ព្ទហៅប្រពន្ធបបួលទៅសាលាឃុំកំពង់ស្វាយ ដើម្បីធ្វើសំបុត្រលែងលះស្របច្បាប់ ហើយប្រពន្ធចិត្តសឿងក៏ទៅតាមសំណូមពររបស់ប្តី ព្រោះយល់ថា បើប្តីប្រច័ណ្ឌហួសហេតុគ្មានភស្តុតាងច្បាស់លាស់យ៉ាងនឹង បើរស់នៅជាមួយ គ្នាតទៅទៀតក៏អត់ប្រយោជន៍ដែរ ។
ប្រភពដដែលបានបន្តថា ពេលប្តីប្រពន្ធទាំងពីរនាក់ធ្វើដំណើរដល់កណ្តាលផ្លូវក៏នាំគ្នាមកអង្គុយក្នុងបរិវេណសាលាបឋមសិក្សាកំពង់ស្វាយហើយឈ្លោះគ្នាមួយលើកទៀត ។បានមួយសន្ទុះក្រោយមកជនដៃដល់ជាប្តីបានយកកាំបិតសាំងគីមដែលលាក់ពីក្រោយ ចាក់ទៅលើស្រី្តជាប្រពន្ធមួយកាំបិតចំពោះរបួសធ្ងន់ រួចទើបដកចាក់ពោះខ្លួនឯងចំនួនពីរកាំបិតទៀតបណ្តាលឲ្យរងរបួសធ្ងន់ដែរ។ ក្រោយមកទើបបងប្អូនសាច់ញាតិបានដឹកយកអ្នកទាំងពីរ ទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងសង ដោយប្រពន្ធដឹកចូលមន្ទីរពេទ្យជ័យជំនះ ចំណែកប្តីយកទៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាករណីនេះនគរបាលប៉ុស្តិ៍កំពង់ស្វាយដែលបានចុះដល់កន្លែងកើតហេតុបាននិយាយថានឹងចាត់ការតាមនីតិវិធីចំពោះជនដៃដល់ជាប្តីក្រោយពេលចេញពីមន្ទីរពេទ្យ៕ សណ្តោស