ព័ត៌មានទាន់ហេតុការណ៍៖

ទេព បូព្រឹក្ស ឡើងឆាកជាមួយសម្លៀកបំពាក់ថ្លៃកប់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ពេទ បូព្រឹក្ស ត្រូវបានគេចាត់ចូលជាតារាចម្រៀងដែលនិយម លេងក្បាច់រាំ និងស្លៀកពាក់ប្លែកៗ។ សំលៀកបំពាក់របស់នាងត្រូវគេលើកឡើងថា មានតម្លៃថ្លៃ និងច្នៃបានស្រស់ស្អាតបើធៀបជាមួយនឹងតារាដទៃ។

សម្លៀកបំពាក់ថ្មីនិងប្លែក គឺជាការបន្ថែមការចាប់អារម្មណ៍បន្ថែម ពីអ្នកទស្សនាក្រៅពីការច្រៀងនិងក្បាច់រាំ។ នេះគឺជាការបញ្ជាក់របស់កញ្ញា ទេព បូព្រឹក្សបានលើកឡើង។ នាងបន្តថា សម្លៀកបំពាក់របស់នាង ពេលខ្លះអាចមានដល់៥០០ដុល្លារអាមេរិក ឬលើសជាងនេះបន្តិច ដូចជាអាវបែបរោមសត្វជាដើម។ នាងថា ការចំណាយសម្រាប់សម្លៀកបំពាក់របស់នាងឡើងខ្ពស់ បូករួមទាំងការច្នៃសម្លៀកបំពាក់សម្រាប់ក្រុមរាំក្តី។ ក្នុងការប្រគំតន្ត្រីមួយលើកៗ នាងត្រូវការត្រៀមសម្លៀកបំពាក់ថ្មីមិនក្រោមបីឈុតទេ។

តារាចម្រៀងរូបនេះបញ្ជាក់ដែរថា ក្រុមរាំរបស់នាងអាចស្លៀកសម្លៀកបំពាក់ដដែលឡើងឆាកបាន ប៉ុន្តែនាងជាអ្នកច្រៀង ត្រូវផ្លាស់ប្តូរញឹកញាប់ ប៉ុន្តែគ្រប់ការឡើងច្រៀងនានាមិនមែនសុទ្ធតែថ្លៃរហូតនោះដែរ ពេលខ្លះនាង និងក្រុមការងារនាងបានជួយឆ្នៃសម្លៀកបំពាក់ឲ្យនាងកាន់តែទាក់ទាញដោយមិនចំណាយថវិកាខ្ពស់។

នាងថា សម្លៀកបំពាក់នាងត្រូវបានបញ្ជាទិញពីបរទេស បូករួមទាំងការច្នៃម៉ូដរបស់អ្នកជំនាញក្នុងស្រុកផងដែរ។ នាងថា គ្រប់ម៉ូតសម្លៀកបំពាក់គឺត្រូវតែស្អាតមុនពេលឡើងឆាកហើយវាគឺជាទំនុកចិត្តមួយផងដែរ។

ទោះជាយ៉ាងណា នាងមិនបានទូទាត់សរុបទេថា តើក្នុងមួយឆ្នាំៗនាងបានចំណាយលើការស្លៀកពាក់អស់ចំនួនប៉ុន្មាន។ នាងថា ការច្រៀងពិរោះ ក្បាច់រាំរស់រវើក មិនអាចគ្រប់គ្រាន់សម្រាប់តារាចម្រៀងទេ គឺត្រូវមានការតុបតែង និងស្លៀកពាក់ស្អាត ប្លែកពីតារាចម្រៀងដទៃ បើទោះបីពេលខ្លះលេចចេញការបង្អាប់ថា ប្លែកពេកក៏ដោយ៕ វឌ្ឍនា


ចែករំលែក៖