ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរ១៣នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន រីឯរថយន្តថៃ២៦គ្រឿងវិញត្រូវពលរដ្ឋខ្មែរឃាត់ទុកផងដែរ ដើម្បីរកដំណោះស្រាយ

ចែករំលែក៖

ប៉ោយប៉ែតៈ ពលរដ្ឋខ្មែរឆ្លងដែនចូលទៅប្រទេសថៃព្រឹកវិលល្ងាច តាមច្រកបឹងត្រកួន រហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយ ចំណែករថយន្តថៃ២៦គ្រឿង ក៏មិនទាន់វិលទៅប្រទេសរបស់ខ្លួនរហួតមកទល់ល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ តាមការបញ្ជាក់ពីលោកសៅ សាន្ត ប្រធានស្នាក់ការសន្តិសុខ៨៨៨ប្រចាំច្រកបឹងត្រកួន ។

លោកថាៈ បើទោះជាអាជ្ញាធររួមជាមួយស្ថាប័នគ្រប់ជំនាញប្រចាំច្រកបឹងត្រកួន ឃុំបន្ទាយមានរិទ្ធ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចូលទៅរកដំណោះស្រាយជាមួយសមត្ថកិច្ចថៃយ៉ាងណាក៏ដោយ ក៏ពលរដ្ឋខ្មែរឋិតនៅក្នុងគុគនៅឡើយ ពុំទាន់មានដំណោះស្រាយ តែទោះយ៉ាងណា អាជ្ញាធរនៅប្រឹងប្រែងរកដំណោះស្រាយ។

លោកបន្ថែមថា ពលករខ្មែរក្នុងចំណោម១៣នាក់នោះ ស្រី១០នាក់ ជាអ្នកស្រុករស់នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ក្នុងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ខណៈពួកគេបានចូលទៅធ្វើការព្រឹក វិលល្ងាច តាមច្រកទ្វារតំបន់ខាងលើ ដោយប្រើប្រាស់លិខិតឆ្លងដែនបណ្តោះអាសន្នរបស់នគរបាលប៉ុស្តិ៍ច្រកទ្វារតំបន់បឹងត្រកួន ទៅធ្វើការនៅរោងសិប្បកម្មរុំខ្សែភ្លើងឲ្យថៅកែថៃ ហើយត្រូវគេចោទថា ធ្វើការខុសច្បាប់លើទឹកដីរបស់គេ ។

យ៉ាងណាក៏ដោយ បញ្ហាចាប់ខ្លួននេះ ដោយសារជនរងគ្រោះមិនត្រូវបានគេដោះលែងឲ្យមកចូលរួមបោះឆ្នោត ហើយបែរជាទាមទារប្រាក់តម្កល់ឲ្យនៅក្រៅឃុំម្នាក់៥ម៉ឺនបាត បានធ្វើឲ្យក្រុមសាច់ញាតិលើកគ្នារារាំងចាប់រថយន្តថៃ២៦គ្រឿងដឹកដំឡូងមីស្ងួត និងស្រស់ នៅក្នុងភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត មិនឲ្យចេញទៅដីថៃដូចគ្នា ដរាបណាភាគីថៃ មិនដោះលែងគ្នាពួកគាត់ ។

ដោយឡែក រឿងរថយន្តថៃ២៦គ្រឿង ដែលសាច់ញាតិជនរងគ្រោះរារាំងមិនឲ្យវិលត្រឡប់ទៅដីថៃវិញ តាំងពីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ លោកថា មកទល់ពេលនេះ គឺពលរដ្ឋនៅតែបន្តរារាំងដដែល ចំពោះម្ចាស់រថយន្តជាជនជាតិថៃ អ្នកខ្លះចេញ ចូល ទៅភួមិថៃជាធម្មតាហើយមួយចំនួនទៀតនៅដេកចាំរថយន្ត ។

លោកបញ្ជាក់បន្ធែមថា កន្លងមកលោកតែងជួបប្រជុំជាមួយអភិបាលស្រុតា ប្រយា(ថៃ)ឲ្យយោគយល់គ្នារវាងជនជាតិថៃ នឹងជនជាតិកម្ពុជា នៅតាមបន្ទាត់ព្រំដែន ដែលឆ្លងទៅមករកស៊ីព្រឹក វិលល្ងាច ៕ វណ្ណា


ចែករំលែក៖