ព័ត៌មានទាន់ហេតុការណ៍៖

នាវាដឹកប្រេងលិចនៅសមុទ្រហ្វុីលីពីន នាវឹក៦នាក់បាត់ខ្លួន

ចែករំលែក៖

សារព័ត៌មាន new Straits Times បានផ្សាយថា នាវឹក៦នាក់ជាជនជាតិឥណ្ឌូនេស៊ីបានបាត់ខ្លួននៅពេលដែលនាវាដឹកប្រេងរបស់ហ្គីនៀ បានលិចនៅតំបន់សមុទ្រ Pengerang រដ្ឋ Johor ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែមិថុនា។

មន្ត្រីគ្រប់គ្រងដែនសមុទ្រម៉ាឡេស៊ី លោក Mohd Taha Ibrahim បានឲ្យដឹងថា កម្លាំងការពារដែនសមុទ្រសឹង្ហបុរីបានផ្តល់ព័ត៌មានឲ្យដឹងថា នាវាដឹកប្រេងខាងលើមានឈ្មោះ MT Putri Sea បានឆាបឆេះក្រោយពេលមានសម្លេងផ្ទុះ។ មូលហេតុដែលផ្ទុះឆេះ គឺកើតចេញពីខាងក្នុងកន្លែងម៉ាស៊ីនរបស់នាវា។

នៅពេលដែលកម្លាំងការពារដែនសមុទ្រម៉ាឡេស៊ីបានចូលទៅកៀក នាវានោះបានលេចទៅហើយ ចំណែកនាវឹកមិនដឹងថា យ៉ាងណានោះឡើយ បាត់ខ្លួនរកមិនឃើញសោះ។ នាវឹកជនជាតិឥណ្ឌូនេស៊ីមានអាយុចាប់ពី២៨-៣៩ឆ្នាំ ហើយក្រុមជួយសង្គ្រោះម៉ាឡេស៊ីកំពុងតែខិតខំស្វែងរក។

មន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ការផ្ទុះឆេះនេះមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មឡើង គឺខុសបច្ចេកទេស អាចបណ្តាលមកពីការផ្ទុះម៉ាស៊ីននៅខាងក្នុងទើបឆេះលិចបែបនេះ៕ ម៉ែវ សាធី


ចែករំលែក៖