ព័ត៌មានទាន់ហេតុការណ៍៖

កត្តាមនុស្សជាដើមចមនៃការបង្កគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិ

ចែករំលែក៖

ខេត្តកណ្តាលៈ ទោះបីជាមានការផ្សព្វផ្សាយទូលំទូលាយពីច្បាប់ចរាចរ ថែមទាំងដាក់បង្ហាញលើផ្ទាំងប៉ាណូធំៗ តាមផ្លូវសាធារណៈដើម្បីបញ្ជ្រៀបដល់ប្រជាពលរដ្ឋ និងពញ្ញាក់អារម្មណ៍ដល់អ្នកធ្វើដំណើរលើទ្រូងផ្លូវយ៉ាងណាក៍ដោយ បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីបារម្ភទូទៅរបស់មហាជន និងរាជរដ្ឋាភិបាលដដែល បង្កអោយមានការបាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ ខូចខាតទ្រព្យសម្បត្តិ និងខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗ ។

បទល្មើសគ្រោះថ្នាក់ចរាចរដែលកើតឡើងកន្លងមក ភាគច្រើនបង្កឡើងដោយសារកត្តាមនុស្សច្រើនជាងកត្តាអ្វីទាំងអស់ ពោលគឺបើកបរខ្វះការប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធជាអាទិភាព បើកបរមិនប្រកាន់ស្តាំ ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរនេះដែរលោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ ចរាចរនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានប្រាប់ដូច្នេះថា គិតពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយកើតមាន៣ករណី បណ្តាលអោយស្លាប់២នាក់ របួសធ្ងន់ ស្រាល៥នាក់ ដោយឡែកករណីខ្លះដែលមានស្ថានភាពស្រាលត្រូវភាគីទាំងសង្ខាងបញ្ចប់គ្នានៅកន្លែងកើតហេតុ ។

លោកអធិការរងបានបន្តថា គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ច្រើនជាងគេ បន្ទាប់មកគឺកត្តាល្បឿន និងកត្តាមិនគោរពសិទ្ធជាអាទិភាព និយាយរួមគឺបង្កឡើងដោយមនុស្ស ដូចជាបើកបរមិនគោរពគន្លងផ្លូវដែលមានសិទ្ធជាអាទិភាព បើកបរមិនគោរពល្បឿនកំណត់ បើកបរមានសភាពស្រវឹង បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរមិនប្រយ័ត្ន និងមួយផ្នែកទៀតបើកបរមិនស្គាល់ពីស្ថានភាពភូមិសាស្ត្រ ដោយឡែកកត្តាផ្សេងៗទៀតពុំសូវមានទេ ដូចជាកត្តាមធ្យោបាយ កត្តាផ្លូវថ្នល់ ជាដើម ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រីវ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានអោយដឹងថា រយៈពេលមួយឆមាសក្នុងឆ្នាំ២០១៧នេះ បញ្ហាគ្រោះថ្នាក់ចរាចរមានការកើនឡើងជាងឆ្នាំ២០១៦ បន្តិចបន្តួចប៉ុណ្ណោះ កត្តាដែលបង្កអោយមានគ្រោះថ្នាក់ចរាចរគឺកត្តាមនុស្ស ដោយឡែកកត្តាផ្លូវជាមូលហេតុបន្ទាប់បន្សំ ។ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលមានផ្លូវជាង១០ខ្សែដែលត្រូវបើកឆ្លងកាត់ចូលមករាជធានីភ្នំពេញ ក្នុងនោះផ្លូវមួយចំនួនកំពុងតែស្ថាបនា ដូច្នេះសូមអ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវបើកបរដោយប្រុងប្រយ័ត្ន ទើបបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរ ៕ សណ្តោស


ចែករំលែក៖