ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីរីចោទប្រកាន់អាមេរិក វាយប្រហារបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន

ចែករំលែក៖

 

ស៊ីរីចោទប្រកាន់អាមេរិក វាយប្រហារបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន

ទាហានស៊ីរីបានឲ្យដឹងថា កម្លាំងទាហានដែលដឹកនាំដោយអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា បានបាញ់ទម្លាក់យន្តហោះចម្បាំង មួយគ្រឿងរបស់ ស៊ីរីនៅជាយក្រុង Raqqa ពេលដែលយន្តហោះខាងលើទៅចូលរួមវាយប្រហារក្រុមភេរវកម្ម IS ។

សារព័ត៌មាន sputnik បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា «យន្តហោះចម្បាំងរបស់យើងត្រូវបាញ់ទម្លាក់នៅរសៀលថ្ងៃទី១៨ ខែមិថុនា ពេលចូលរួមវាយប្រហារក្រុម IS ។ នៅពេលនេះ អាកាសយានឹកមិនទាន់រកឃើញនៅឡើយទេ»។

នៅក្នុងការប្រកាសរបស់ក្រសួងការពារជាតិស៊ីរីបានបញ្ជាក់ថា ការវាយប្រហារយន្តហោះចម្បាំងខាងលើ គឺជាចេតនា ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពវាយប្រហារភេរវកម្ម ដែលមានប្រសិទ្ធភាពរបស់ស៊ីរី។ ការវាយប្រហារទៅលើយន្តហោះរបស់ស៊ីរី បានប៉ះពាល់ដល់សកម្មភាពវាយប្រហារក្រុម IS ។

សកម្មភាពបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរីកើតឡើង ក្នុងពេលដែល ស៊ីរី និងសម្ព័ន្ធមិត្ត កំពុងតែមានប្រៀបនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS ដោយដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រង។

ក្នុងពេលជាមួយគ្នានេះ កម្លាំងទាហានសម្ពន្ធមិត្តលោកខាងលិច ដឹកនាំដោយអាមេរិកបានប្រកាសថា យន្តហោះចម្បាំងស៊ីរី ទម្លាក់គ្រាប់ខុសទីតាំងទៅលើទាហាន ក្រុមប្រឆាំង ដែលអាមេរិកគាំទ្រ។

យន្តហោះចម្បាំងស៊ីរី Su-22 បានទម្លាក់គ្រាប់ជិត ទីតាំងទាហានសេរី គាំទ្រដោយអាមេរិក SDF ភ្លាមៗនោះ យន្តហោះនោះក៏ត្រូវ យន្តហោះ F/A-18 Super Hornet អាមេរិកបាញ់ទម្លាក់ ។ ការបាញ់ទម្លាក់នោះគឺសមស្របទៅនិងច្បាប់ការពារ នៅតំបន់ គ្រប់គ្រងដោយអាមេរិក។

នៅដើមសប្តាហ៍កន្លងមក កម្លាំងទាហានប្រឆាំងរដ្ឋាភិបាលស៊ីរី ដឹកនាំដោយអាមេរិកបានវាយប្រហារដណ្តើមបានទីតាំងជាច្រើន ពីក្រុមភេរវកម្មនៅខេត្ត Raqqa ភាគខាងត្បូង ។ នៅពេលដែល ទាហានប្រឆាំងស៊ីរី វាយប្រហារដណ្តើមបាន តំបន់ណា តំបន់នោះនឹងស្ថិតនៅក្រុមការគ្រប់គ្រងរបស់ទាហានសេរី។ ចំណុចទាំងនោះហើយទើបទាហានរដ្ឋាភិបាលស៊ីរី ក៏បង្កើនការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងផងដែរ។

ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារក្រុមភេរវកម្ម IS ទាំងនៅក្នុងទឹកដីស៊ីរី និងអីរ៉ាក់ មានភាពរីកចំរើនឆ្ពោះទៅមុខ ដោយ បានយកឈ្នះដណ្តើមទីតាំងជាច្រើនពីក្រុម IS ។ នៅក្នុងប្រទេសអីរ៉ាក់វិញ ក៏ដូចគ្នាដែរ។ មន្ត្រីអ៊ីរ៉ាក់ ទើបបាននិយាយឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ខ្លួន បើកប្រតិបត្តិការ វាយលុកសម្រុក ចូលក្នុងស្រុក Old City របស់ទីក្រុងមូស៊ូលដើម្បីរំដោះដណ្ដើម យកការកាន់កាប់ លើតំបន់ ដែលនៅសេសសល់ពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ។

មន្ត្រីនាំពាក្យរបស់ក្រសួង ការពារជាតិអ៊ីរ៉ាក់ បាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបំបែកការឡោម ព័ទ្ធរបស់ពួកអ៊ីស្លាម និងបានចូលទៅក្នុង ពីស្រុកដែលនៅក្បែរនោះពីរ ដែលក្នុងដំណើរប្រតិបត្តិការវាយលុកនេះ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមបានប្រើប្រាស់រថយន្តគ្រាប់បែកអត្តឃាត យ៉ាងតិចចំនួន១០គ្រឿង ដើម្បីទប់ស្កាត់ការវាយសម្រុក។

គួរបញ្ជាក់ផងដែរថា ស្រុក Old City គឺជាទីចុងក្រោយដែលស្ថិតនៅក្រោមការគ្របគ្រងពេញលេញ ពីពួក រដ្ឋអ៊ីស្លាមហើយលោកមេបញ្ជាការប៉ូលីសសហពន្ធអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន Rudawថាលោកជឿជាក់ថា ទីក្រុងមូស៊ូលនឹងត្រូវបានរំដោះដ៏ពេលលេញចេញពីកណ្ដាប់ដៃរបស់ពួករដ្ឋអ៊ីស្លាមជ្រុលនិយម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ម៉ែវ សាធី


ចែករំលែក៖