ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតរបស់ អីុរ៉ង់ ចោទប្រកាន់អាមេរិកនិងសាវឌីអារ៉ាប៊ី គាំទ្រIS

ចែករំលែក៖

មេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអីុរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃទី១៨ខែមិថុនា បានថ្កោលទោសគោលនយោបាយរបស់អាមេរិកដែលលោក ហៅថាជា សត្រូវរបស់ ប្រទេសអីុរ៉ង់។

លោក Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតរបស់អីុរ៉ង់បានថ្កោលទោស ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសសាវឌីអារ៉ាប៊ី កាលពីខែមុន ហើយសាវឌីអារ៉ាប៊ី គឺជាសត្រូវ របស់អុីរ៉ង់។

នៅក្នុងដំណើរទស្សនកិច្ចនោះលោកត្រាំ និងសាវឌីអារ៉ាប៊ីបានបញ្ជាក់ថា អុីរ៉ង់គឺជាប្រទេសគាំទ្រក្រុមភេរវកម្ម ។ មិនតែ ប៉ុណ្ណោះ លោកត្រាំបានរិះគន់ទៅនឹងកិច្ចព្រមព្រៀងរវាងអីុរ៉ង់ នឹងប្រទេសមហា អំណាច កាលពីឆ្នាំ២០១៥ស្តីពីកម្មវិធី បរមាណូ។

មេដឹកនាំសាសនាជាន់ខ្ពស់របស់អីុរ៉ង់ បានចោទប្រកាន់អាមេរិក និងសម្ពន្ធមិត្ត អារ៉ាប់ ថាជាអ្នកគាំទ្រក្រុមប្រដាប់អាវុធ អ្នកកាន់សាសនានិកាយសាន់នី ក្នុងនោះ មាន ទាំងក្រុម IS ផងដែរ។លោក Khamenei បញ្ជាក់ថា រាល់ការខិតខំបង្កឲ្យមានវិវាទ អសន្តិសុខ នៅក្នុងប្រទេសអីុរ៉ង់ នឹងមិន បានជោគជ័យឡើយ។

ក្រុមអ្នកកាន់សាសនា អ៊ិស្លាមនិកាយ សាន់នី មានភាគច្រើននៅក្នុងប្រទេសអីុរ៉ង់ អីុរ៉ាក់និងស៊ីរី ដែលតែងតែរងការវាយ ​ប្រហារពីកម្លាំងទាហានអាមេរិក និង សម្ពន្ធមិត្ត ដែលជាអ្នកកាន់សាសនា អ៊ិសា្លម និកាយស៊ីអីុត និងក្រុមអ៊ិសា្លមជន​ជាតិឃើដ ដែលអាមេរិកបំពាក់អាវុធឲ្យ។

កាលពីថ្ងៃទី១៥ខែមិថុនា កន្លងមក ព្រឹទ្ធសភាអាមេរិក បានអនុម័ត ដាក់ទណ្ឌ កម្ម បន្ថែមទៅលើប្រទេសអីុរ៉ង់ ដោយចោទ ប្រកាន់អីុរ៉ង់ ថាជាអ្នកគាំទ្រក្រុមភេរវកម្ម។ ក្រៅពីនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គលដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់អីុរ៉ង់ផងដែរ។

ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើអីុរ៉ង់ គឺក្នុងគោលដៅរឹតបន្តឹង អាវុធ របស់កម្លាំងទាហានបដិវត្តន៍ អ៊ិស្លាមអីុរ៉ង់ ។

នៅក្នុងការវាយប្រហាភេរវកម្មនៅ​ប្រទេសអីុរ៉ង់ នាពេលកន្លងមក ត្រូវបាន មន្ត្រីដឹកនាំជាន់ខ្ពស់អីុរ៉ង់ ចោទប្រកាន់ អាមេរិកនិង សាវឌីអារ៉ាប៊ីជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារទាំងនោះ។ការវាយប្រហារនៅអីុរ៉ង់បណ្តាលឲ្យមានអ្នកស្លាប់ ១៣នាក់ និងរបួសយ៉ាងតិច ៤៦នាក់។ អាជ្ញាធរអុីរ៉ង់បានទទួលស្គាល់ថា ភេរវជន គឺជាពលរដ្ឋអុីរ៉ង់ បានចូលជាមួយក្រុម ភេរវកម្ម IS ។ ការវាយប្រហារនោះ ក្រោយពីជំនួប រវាងលោកដូណាល់ត្រាំ នឹងប្រមុខដឹកនាំប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្ស។

ចំណែកសហរដ្ឋអាមេរិកវិញ ក្រសួង ការបរទេស ក៏ដូចជាលោកដូណាល់ ត្រាំផ្ទាល់បានថ្លែងចូលរួមមរណទុក្ខជាមួយអុីរ៉ង់ ក៏ប៉ុន្តែ ព្រមជាមួយនឹងការចូលរួមមរណ ទុក្ខនេះ លោកដូណាល់ត្រាំក៏បានថ្លែងបែបព្រមានចំពោះអុីរ៉ង់ផងដែរថា “ប្រទេស ដែលគាំទ្រភេរវកម្ម គឺអាចនឹងក្លាយជាអ្នក រងគ្រោះដោយភេរវកម្មវិញដោយខ្លួនឯង”។ ឆ្លើយតបមកវិញ រដ្ឋមន្រ្តីការបរទេសអុីរ៉ង់បានចាត់ទុកការចូលរួមមរណទុក្ខដែលធ្វើឡើងដោយលោកដូណាល់ ត្រាំថាជា រឿង “ដ៏គួរឲ្យឆ្អើម”។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលការវាយប្រហារភេរវកម្មដោយក្រុមជីហាដរដ្ឋអ៊ីស្លាម បានកើតមានឡើង នៅ ក្នុងប្រទេសអុីរ៉ង់។ អុីរ៉ង់គឺជាប្រទេសអ៊ិស្លាមនិកាយសុីអ៊ីតចំណែកឯក្រុមជីហាដរដ្ឋ អ៊ិស្លាម គឺជាក្រុមស៊ុននីតជ្រុលនិយម ដែលអុីរ៉ង់តែងតែចោទថាជាកូនអុក ដែល អារ៉ាប៊ីសាអ៊ូឌីតយកមកប្រើ ដើម្បីកម្ចាត់ អុីរ៉ង់។ ចំណែកអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋ អាមេរិកវិញ តែងតែចោទប្រកាន់អុីរ៉ង់ថាជាប្រទេសគាំទ្រភេរវកម្មនៅក្នុងតំបន់ ជាពិសេស គឺគាំទ្រក្រុមហាម៉ាស់នៅប៉ាឡេស្ទីន និង ក្រុមហេសបូឡាហ៍នៅលីបង់។

គេសង្កេតឃើញថា ប្រទេសជាច្រើន បានធ្វើការថ្កោលទោសការវាយប្រហារភេរវកម្មនៅតេហេរ៉ង់ កាលពីថ្ងៃពុធ ខែ មិថុនា។ ក្រៅពីស៊ីរី អុីរ៉ាក់ និងរុស្ស៊ី ដែល ជាសម្ពន្ធមិត្តអុីរ៉ង់ក៏បាន បណ្តាប្រទេស លោកខាងលិចខ្លះ រួមមានដូចជា បារាំង និងអាល្លឺម៉ង់ ជាដើម សុទ្ធតែបានថ្កោល ទោសភេរវកម្មនេះ។ សូម្បីតែប្រទេស អារ៉ាប់រួម ដែលជាសម្ពន្ធមិត្តរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលបច្ចុប្បន្នកំពុងប្រឈមមុខយ៉ាងតានតឹងជាមួយអុីរ៉ង់ ក៏បានចេញមុខថ្កោលទោសការវាយប្រហារភេរវកម្មលើអុីរ៉ង់នេះដែរ។

គួររំឭកឡើងវិញថា អារ៉ាប់រួមស្ថិតក្នុង ចំណោមបណ្តាប្រទេសអារ៉ាប់ នាំមុខ ដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ ដោយចោទ កាតារថាផ្តល់លុយកាក់ជួយក្រុមភេរវជនផង និងកំពុងតែព្យាយាមបង្កើនទំនាក់ទំនងជាមួយនឹងអុីរ៉ង់ ដែលជាគូសត្រូវរបស់អារ៉ាប៊ីសាអ៊ូឌីតផង។

អ្នកឯកទេសរបស់អីុរ៉់ង ក៏ដូចជាក្រុម​ប្រទេសដែលប្រឆាំងនិងអាមេរិក កន្លងមកធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយ ក្រុមភេរវកម្ម IS ហើយក្រុមនេះជា កម្លាំងទាហានសម្ងាត់ របស​់អាមេរិក ដើម្បីបំផ្លាញប្រទេសណាដែលមិនស្តាប់អាមេរិក ដូចជាអីុរ៉ង់ ស៊ីរី ជា ដើម។

ក្រុមអ្នកឯកទេសក៏ធ្លាប់បានលើកឡើងដែរថា ហេតុអ្វីបានជា ក្រុមភេរវកម្ម IS មានរថយន្ត ទំនើបនិងអាវុធទំនើប ៗ ជាច្រើនសម្រាប់ធ្វើសង្គ្រាម ក៏ដូចជា ហិរញ្ញវត្ថុគាំទ្រក្រុមនេះ។ ទាហានក្រុម ភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់ក៏មានប្រាក់ខែដូចគ្នា តើពួកគេបានលុយ ពីណាដើម្បី បើកប្រាក់ខែនិងទិញអាវុធ។

ក្រោយពេលដែលបែកធ្លាយរឿង អាស្រូវនៅកាតារ បានធ្វើឲ្យគេដឹងកាន់ តែច្បាស់ថា ក្រុមភេរវកម្ម គឺបានបង្កើត ឡើងដោយអាមេរិក ហើយប្រទេសអ្នក មាន នៅអារ៉ាប់ជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុដោយសម្ងាត់ ដើម្បីឲ្យក្រុមភេរវកម្ម ដំណើរការបាន។

នៅពេលនេះទើបដឹងថាកាតារ ជាអ្នក ផ្តល់ប្រាក់ដល់ក្រុម IS រហូតដល់១ពាន់ លានដុល្លារ ដោយមានមាន លោះចំណាប់ ខ្មាំងជនជាតិ កាតារ ពី ក្រុមភេរវកម្ម ។ ការដោះដូរនោះមិនមានប្រព័ន្ធផ្សព្វផ្សាយណាមួយ ដឹង ឬចុះផ្សាយឡើយ សូម្បីតែក្រុម ភេរវកម្ម IS ក៏មិនប្រកាសឲ្យដឹងនោះដែរ។កន្លងមករាល់ពេលដែលក្រុម IS ចាប់បានជនបរទេសតែងតែប្រកាសជាសាធារណៈ ទាមទាប្រាក់លោះពីរដ្ឋាភិបាលប្រទេសនោះ។ សកម្មភាពជាអាថ៍កំបាំងទាំងនោះហើយទើបធ្វើឲ្យគេអាចចោទប្រកាន់អាមេរិក និងប្រទេសអ្នកមាណនៅអារ៉ាប់ ជាអ្នកគាំទ្រក្រុមភេរវកម្ម ហើយប្រទេស អារ៉ាប់ មិនដែលរងការវាយប្រហារនោះ ឡើយ៕ ម៉ែវ សាធី

 


ចែករំលែក៖