ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីមេព្រៃឆ្មក់បង្រ្កាបរថយន្តជាប់ផុង២គ្រឿងរកឃើញឈើគ្រញូងច្រើនដុំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ឈើគ្រញូងជាច្រើនដុំ ត្រូវឈ្មួញដឹកបម្រុងទៅលក់បន្តនៅខេត្តបាត់ដំបង តែខណៈបញ្ជូនចេញពីព្រៃ ស្រាប់តែរថយន្តជាប់ផុង ក៏ត្រូវសមត្ថ កិច្ចបង្រ្កាបបានកាលពីវេលាម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចម្ការមួយកន្លែង ក្នុងភូមិ សួស្តី សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញ​រថ​យន្តបាឡែន១គ្រឿងបានបើកបរដល់​ចំណុចកើតហេតុ ក៏បត់ទៅខាងស្តាំដៃចូលទៅក្នុងចំការមួយ ។ ពេលនោះដោយមានការសង្ស័យប្រជាពលរដ្ឋក៏នាំគ្នាចូលទៅមើល ស្រាប់តែឃើញរថយន្តដឹកឈើគ្រញូងជាប់ផុង និងឃើញមានកម្ម ករ៥ទៅ៦នាក់ កំពុងតែនាំគ្នាជញ្ជូនឈើចេញពីរថយន្ត បាឡែនទៅដាក់ក្នុងរថយន្តកែច្នៃមួយគ្រឿងទៀត ។ ពេលនោះសមត្ថកិច្ចនគរបាល ចរាចរទៅដល់ ទើបគេនាំគ្នារត់គេចខ្លួន បាត់អស់តែម្តង។

ប្រភពបន្តថា រថយន្ត២គ្រឿង ដែល កម្មករនិងឈ្មួញរត់ចោលនេះ ទី១-ម៉ាក បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-0399 និង ទី២-រថយន្តច្នៃពណ៌ខៀវ គ្មានស្លាកលេខហើយនៅលើរថយន្ត រក ឃើញឈើគ្រញូងចំនួន៣៨ដុំ ។

មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបាន និយាយថា រថយន្ត ដែលដឹកបទល្មើសមានចំនួន២គ្រឿងមួយគ្រឿងជារថយន្តម៉ាក បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-0399 និងរថយន្តមួយទៀត ជារថ យន្តច្នៃ គ្មានស្លាកលេខ ។ មន្រ្តីដដែល បន្តថា ចំពោះបទល្មើសនេះសមត្ថកិច្ចរឹប អូសឈើគ្រញូងចំនួន៣៨ដុំ ទម្ងន់៣៦៥ គីឡូក្រាម ដោយឡែកជនប្រព្រឹត្តបានរត់គេចខ្លួន ។

បច្ចុប្បន្នវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដើម្បីរៀបចំកសាងសំណុំបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋរស់នៅតំបន់នោះឱ្យដឹងថា ជារៀងរាល់ថ្ងៃបទល្មើសដឹកឈើនៅខេត្តប៉ៃលិន បានកើតឡើងយ៉ាងសកម្ម តែការ​បង្ក្រាបមិនសូវសកម្មទេហើយរថយន្ត ដឹកឈើខាងលើនេះ ប្រសិនបើមិនជាប់ផុង​ទេ ម៉្លេះសមត្ថកិច្ចក៏មិនអាចបង្ក្រាបបានដែរ ៕ សហការី


ចែករំលែក៖