ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីជួយដល់កាតារយ៉ាងពេញទំហឹងបន្ទាប់ពីបញ្ជូនទាហាននៅបន្តបញ្ជូនស្បៀងអាហារតាមនាវាទៅជួយកាតារទៀត

ចែករំលែក៖

បើទោះបីវិវាទនៅកាតារអូសបន្លាយ រយៈពេលយូរក្តី តែកាតារមិនព្រួយបារម្ភ នោះឡើយ ដោយមានប្រទេសជាច្រើន ជួយជ្រោមជ្រែងក្នុងនោះមានអុីរ៉ង់ និង ទួរគីជាដើម។ កន្លងមកទួរគីបានបញ្ជូន កងទ័ពទៅកាន់កាតារដើម្បីចូលរួមធ្វើសមយុទ្ធការពារខ្លាចប្រទេសជិតខាងវាយ ប្រហារ។ នៅពេលនេះ ទួរគីក៏បានសម្រេច បញ្ជូននាវាដឹកស្បៀងអាហារជាច្រើនទៅកាន់កាតារ ដើម្បីទប់ស្កាត់កង្វះស្បៀង អាហារនៅក្នុងប្រទេសនេះ។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសទួរគីនិយាយ ថា នាវាផ្ទុកជំនួយមនុស្សធម៌ដំបូងបង្អស់ត្រូវបានបញ្ជូនទៅកាន់ប្រទេសកាតារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បើទោះបីជាមានការមិនសប្បាយចិត្តពី សំណាក់ប្រទេសមួយចំនួនក្តី។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadolu លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់បន្ថែម ទៀតថា មកដល់ពេលនេះយន្តហោះ ផ្ទុកជំនួយពីប្រទេសទួរគីដល់ទៅ១០៥គ្រឿង ហើយដែលបានធ្វើដំណើរទៅដល់កាតារក្រោយពេលប្រទេសក្នុងតំបន់បានកាត់ ផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសមួយនេះ កាលពីដើមខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសតំបន់ Gulf នេះត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៥ ខែមិថុនា មកនៅពេលដែលប្រទេស អារ៉ាប់រួម បារ៉ែន អេហ្ស៊ីប និងប្រទេសមួយ ចំនួនទៀតបាន សហការគ្នាក្នុងការផ្តាច់ ទំនាក់ទំនងជាមួយនឹងប្រទេសកាតារដោយ ការចោទប្រកាន់ថា កាតារ និងអាមេរិកគឺជាអ្នកនៅពីក្រោយការផ្គត់ផ្គង់ដ៏ធំទៅឲ្យ បណ្តាញក្រុមភេវរកម្ម។

កន្លងទៅថ្មីៗនេះ កម្លាំងរបស់ប្រទេសទួរគីបានធ្វើដំណើរមកដល់ប្រទេសកាតារហើយ សម្រាប់ផែនការសមយុទ្ធយោធា រយៈពេលយូររវាងទួរគីនឹងកាតា ហើយការ មកដល់របស់កងទ័ពទួរគីនេះ បានធ្វើឡើង ចំពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងដូហា នឹងប្រទេសដែលមានភូមិផង របងជាមួយគឺរដ្ឋអារ៉ាប់កំពុងកើតឡើង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការពារជាតិកាតារ ដែលផ្សាយបន្តដោយសារព័ត៌មានក្នុងស្រុក។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការផ្សាយរបស់ Al Jazeera និងសារព័ត៌មាន Gulf Times ថា ក្រុមយោធាទាំងនោះ គឺនឹងហ្វឹកហាត់ ដំបូងនៅមូលដ្ឋានយោធា Tariq bin Ziyad នៅថ្ងៃអាទិត្យខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ បើតាមសារ ព័ត៌មានរ៉យទ័រ បានផ្សាយផ្ទុយពីនេះថា កងទ័ពប្រទេសទួរគីដែលនឹងចូលរួមនៅ ក្នុងសមយុទ្ធជាមួយកាតារនោះ គឺមិនមែនជាកងទ័ពទើបមកដល់ថ្មីអ្វីនោះទេ។ បើ តាមប្រភពពីយោធាដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា «គ្មានក្រុមយោធា ទួរគីឯណាដែលបានបញ្ជូនទៅប្រទេស កាតារឡើយ»។

បើតាមទីភ្នាក់ងារព័ត៌មានបានផ្សាយ ឲ្យដឹងទៀតថា មូលដ្ឋានយោធា Tariq bin Ziyad military នៅក្នុងប្រទេសកាតារនោះ បច្ចុប្បន្នគឺមានទាហានទួរគីប្រហែល៩០នាក់ប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖