ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជ្ញាធរជាតិអប្សរា ចុះរុះរើ របង និង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើឡើងវិញ​នៅក្នុង​តំបន់១ នៃរមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ចុះរុះរើ របង និង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើ​ឡើង​វិញ​នៅក្នុង​តំបន់១ នៃរមណីយដ្ឋានអង្គរ ទោះបីមានការអំពាវនាវចូលរួមថែរក្សាអភិរក្សមរតក​ដូនតា ក៏នៅតែមានក្រុមកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរនេះដដែល។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ មានក្រុមជនខិលខូចមួយក្រុមបានហ៊ុំព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ​នៅក្នុង​ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បន្ទាប់ពីក្រុមការងារចម្រុះដែលមានភ្នាក់ងារព្រៃឈើ ក្រុមឧទ្យាននុរក្ស ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានប្រទះឃើញសកម្មភាពក្រុមជនខិលខូចមួយចំនួនបានមកហ៊ុំព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិបែបនេះ ទើបសុំគោលការណ៍ពីថ្នាក់លើ ហាមឃាត់ និង រុះរើតែម្ដង។ក្នុងសកម្មភាពទប់ស្កាត់នេះ ក្រុមការងារបានជួបនឹងការរារាំងពីសំណាក់ជនបង្កចំនួន៤នាក់ ដែលបានអាងខ្សែខ្នង ព្រមទាំងប្រើសម្តីមើលងាយលើក្រុមការងារ និងអ្នកសារព័ត៌មាន ដោយចោទថា បានរំលោភបំពានដីរបស់ពួកគេ ហើយគំរាម ប្តឹងទៅតុលាការថែមទៀតផង។

បើតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយមានការជជែកគ្នាបានមួយសន្ទុះមក ក្រុមជនបង្ក ទាំង៤នាក់ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។ ចំណែកក្រុមការងារចម្រុះវិញ ក៏បានបន្តការរុះរើរបង និងខ្ទមយាមដីចេញ ព្រមទាំងដាំកូនឈើឡើងវិញនៅទីនោះបានចំនួន៥០០ដើម ៕ ប៊ុន រិទ្ធី


ចែករំលែក៖