ព័ត៌មានទាន់ហេតុការណ៍៖

លោក ច័ន្ធ សារុន សន្យាធ្វើឲ្យគុនល្បុក្កតោល្បីទាំងថ្នាក់ជាតិ និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ច័ន្ធ សារុន ទេសរដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាជាតិស្តារវិស័យកសិកម្មនិងអភិវឌ្ឍជនបទ និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានថ្លែងថា លោកនឹងខំប្រឹងប្រែងជាមួយ សមាជិកប្រតិបត្តិដទៃទៀត ដើម្បីធ្វើយ៉ាងណា ជំរុញសកម្មភាពហ្វឹកហាត់ និងការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោកម្ពុជា ឲ្យមានឈ្មោះល្បី ទាំងនៅលើកឆាកជាតិ និង អន្តរជាតិក្នុងអាណត្តិដែលលោកដឹកនាំ ពី ២០១៧ ដល់២០២១។ នេះជាសន្យា របស់លោក ច័ន្ទ សារុន ក្រោយពីសមាជិក គណៈកម្មការប្រតិបត្តិ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកដៃអនុម័ត ក្នុងមហាសន្និបាតវិសាមញ្ញកាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ច័ន្ធ សារុន ក៏បានកោតសរសើរចំពោះ លោកគ្រូតាសាន គឹមស៊ាន ដែលខិតខំសរសេរចងក្រងសៀវភៅក្បាច់គុនល្បុក្កតោកម្ពុជាដំបូង ត្រូវបានបោះពុម្ពចប់កាលពីចុងឆ្នាំ២០១៦ ចំនួន៥០០០ក្បាល ដើម្បីចែកជូនតាមបណ្តាសមាគម ក្លិប និងដាក់លក់នៅតាមបណ្ណាល័យ សម្រាប់ឲ្យកូនចៅ ខ្មែរជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ និងស្គាល់ពីក្បាច់គុនល្បុក្កតោកម្ពុជា ។

គួរបញ្ជាក់ថា ៖ អង្គមហាសន្និបាតវិសាមញ្ញ សម្រេចជ្រើសរើស លោកណឹម សុវត្ថិ ប្រធានក្រុមប្រឹក្សាកីឡាយុទ្ធសិល្ប៍កម្ពុជាឲ្យធ្វើ ជាប្រធានកិត្តិយសសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា, លោកទេសរដ្ឋមន្ត្រី ច័ន្ធ សារុន ប្រធានសហព័ន្ធ, លោក វ៉ាត់ ចំរើនអតីត ប្រធានសហព័ន្ធធ្លាក់មកធ្វើជាអនុប្រធានទី១ និង តំណែងអនុប្រធាន៣នាក់ផ្សេងទៀត គឺ លោកសាន គឹមស៊ាន លោកគ្រូតាហុក ឈាង គីម និងលោកហេង ម៉េងហូ។

តំណែងជាអគ្គលេខាធិការលោកអ៊ូ តារា អគ្គលេខាធិការរងលោកពេញ សុងឈុន អគ្គហិរញ្ញិកកញ្ញាខៀវ ចិន្ដារ័ត្ន និងសមាជិក៣រូបទៀត មានលោកអ៊ុង ដារិទ្ធ លោកវី តារា និង លោកសយ ផាន់និច ។ ដោយឡែកលោកកែវ រ៉េមីទីប្រឹក្សាជាន់ខ្ពស់, ក្នុងនោះក៏បានបញ្ចូលទីប្រឹក្សា ៤ រូបផ្សេងទៀត គឺលោកឌី ខាំបូលី លោកកែវ ឡង់ឌី លោកស្រីខៃ ចិន្ដា និង លោកតី ឆេងស៊ូ ៕ សារីម


ចែករំលែក៖