ប៉ោយប៉ែត៖ ពលករខ្មែរ ប្រុស ស្រីដែលបញ្ជូនត្រឡប់ពីប្រទេសថៃ កាលពីថ្ងៃទី២៨ មិថុនា ២០១៧ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាង៦០០នាក់ ។
តាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃ នៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រសាសន៏ថា ចំពោះពលករដែលខាងភាគីថៃបញ្ជូនមកជាង៦០០នេះ មិនមែនជាការចាប់របស់ភាគីថៃទេ គឺខាងក្រុមហ៊ុន ឬបរិសទ័គេឲ្យមកចុះធ្វើលិខិតឆ្លងដែនស្របច្បាប់ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយខាងក្រុមហ៊ុន ឬបរិសទ័អនុវត្តទៅតាមច្បាប់ប្រទេសគេ ដោយខាងក្រុមហ៊ុន ឬបរិសទ័ខ្លាចទៅថ្ងៃក្រោយ ច្បាប់ប្រទេសថៃមានការតឹងរឹងពាក់ពន្ធនឹងជនអន្តោប្រវេសន៍ មិនមែនតម្រួត ឬប៉ូលិសដេញចាប់នោះទេ។
លោកថា ពលករទាំងអស់នោះ លុះមកដល់ទឹកដីកម្ពុជា មានក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថា ជាក្រុមហ៊ុនសុលាភ គេមកទទួលពលករដើម្បីយកទៅបំពេញបែបបទឆ្លងដែនទៅធ្វើការនៅប្រទេសថៃវិញ។
លោកបញ្ជាក់បន្ថែមថា ពាក់ពន្ធនឹងច្បាប់អន្តោប្រវេសន៍ប្រទេសថៃ ដែលប្រទេសថៃចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់នោះ ភាគីថៃបានធ្វើជារៀងរាល់ថ្ងៃ បញ្ជូនពលករមកកម្ពុជា តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត មានតិចមានច្រើន ក្នុង១ថ្ងៃចាប់ពី១០០នាក់ ទៅ១៥០នាក់ វាជារឿងធម្មតា។
លោកថា ដោយសារតែមានការបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក មានរួបភាពចាស់ខ្លះ និងរួបភាពថ្មីខ្លះ ហេតុដូច្នេះពលករដែលធ្វើការនៅប្រទេសថៃខុសច្បាប់ មានការភ័យខ្លាច អ្នកខ្លះគិតថា ត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ អ្នកខ្លះ ក៏ត្រូវសុំខ្លីប្រាក់ពីថៅកែ ដើម្បីធ្វើលិខិតឆ្លងដែនស្របច្បាប់។
ក្នុងការចាប់បញ្ជូនពលករនៅក្នុងប្រទេសថៃនោះ សូម្បីភូមា វៀតណាម ភាគីថៃបានធ្វើដូចការចាប់បញ្ជូនពលករកម្ពុជាដែរ ហើយពលករខ្មែរដែលឆ្លងចូលក្នុងប្រទេសថៃទាំងស្របច្បាប់ ទាំងខុសច្បាប់ គឺតិចជាងភូមា ហើយភូមាលំដាប់លេខ១លើសពលករខ្មែរ៣ដងទៅទៀត៕ វណ្ណា