ភ្នំពេញ ៖ បុរសម្នាក់បានយកកូនកាំបិតចិតបន្លែ មកអារបំពង់ក ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងវត្តនិរោធ ស្ថិតក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះខាងមានឈ្មោះ ខុន សាំងហេង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរ និងទីលំនៅពិតប្រាកដ មានស្រុកកំណើត ភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍និរោធន៍ បានឲ្យដឹងថា ជនរងគ្រោះគ្មានមុខរបរ និងទីលំនៅច្បាស់លាស់ ប្រជាពលរដ្ឋតែងតែ ឃើញជនរងគ្រោះឧស្សាហ៍ចេញ ចូលលេងក្នុងបរិវេណវត្តនិរោធជារឿយៗ មានពេលខ្លះ ក៏ធ្លាប់យកចេតិយជាកន្លែង សម្រាកផងដែរ ។ ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះយកកូនកាំបិតចិត បន្លែចុងស្រួចមកអារផ្តាច់បំពង់កខ្លួនឯង បណ្តាលឲ្យហូរឈាមកក្លាក្ស បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃក្នុងវត្ត ផ្អើលនាំគ្នាចោមរោមមើល និង ជួយ ទំនាក់ទំនង ហៅរថយន្តសាមុយឲ្យមកទទួលយក រូបគេទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។
ប្រភពព័ត៌មានបន្តថា ជនរងគ្រោះអាចជាអ្នកបែកថ្នាំច្រើនជាង ដោយសំអាងថា ជនរងគ្រោះគ្មានមុខរបរ និងទីលំនៅពិតប្រាកដ យកទីអារាមធ្វើជាកន្លែងស្នាក់នៅ ហើយជារឿយៗអ្នករស់នៅក្នុងវត្តតែងតែឃើញជនរងគ្រោះសេពគ្រឿងញៀន មកដល់ថ្ងៃនេះ ស្ថានភាពជនរងគ្រោះនៅធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ៕ សណ្តោស