ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ និត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកស្នីស្នំ ចំនួន៤នាក់ រថយន្ត២គ្រឿង ចុះអនុវត្តន៍ដីកា ឃាត់ខ្លួនលេខ២៦៩/២០១៧ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជាឲ្យចាប់ខ្លួនឈ្មោះ ហួត កុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនគោជល់ រស់នៅភូមិ ធម្មជាតិ ឃុំសន្ទុក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តករណីឃាតកម្ម(បើកឡានបំបុកជនរងគ្រោះ)ឱ្យស្លាប់កាលពីរថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១៩និង០០នាទី ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប និងបានរួចរត់គេចខ្លួន បាត់ជាង១ខែ។
ក្នងប្រតិបត្តិការចុះបង្ក្រាប់នេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចផ្សារថ្ម ក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ខណៈជនសង្ស័យកំពុងជិះម៉ូតូមកពីធ្វើការសំណង់។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងបានបញ្ចាក់ថា ករណីឃាតកម្ម(បើកឡានបំបុកជនរងគ្រោះ) ឱ្យស្លាប់ និងរបួសធ្ងន់នោះ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន រតនៈចិន្តា ក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូតនិគម ខេត្តសៀមរាប កាលពីរវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ខណៈនោះអ្នកបើកបរ រត់គេចខ្លួន បាត់ជាង១ខែ។
ជនរងគ្រោះទាំង២នាក់ មាន៖ ទី១ ឈ្មោះ នាក់ សាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) មុខរបរបើកឡានឱ្យក្រុមហ៊ុនភេសជ្ជៈគោជល់ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ប៉ាល់ តុល ភេទប្រុស អាយុ៣៧ឆ្នាំ(របួសធ្ងន់) មុខរបរបើកឡានឱ្យក្រុមហ៊ុនភេសជ្ជៈគោជល់ ដូចគ្នា មានទីលំនៅភូមិស្ទឹងជ្រៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មូលហេតុមុនកើតឡើង ជនរងគ្រោះ និង ជនសង្ស័យ បានស្គាល់គ្នា អង្គុយផឹកស៊ីជាមួយគ្នា នៅមុខភោជនីយដ្ឋានរតនៈចិន្តា ក្រោយមកទាស់សម្តី គ្នា រួចឈ្មោះ ហួត កុង ដើរចេញទៅយករថយន្តម៉ាកកូរ៉េ១តោនកន្លះ ពណ៌ស ដឹកម៉ាស៊ីនភ្លើង បុកទៅលើជនរងគ្រោះឈ្មោះ នាក់ សាវុធ ផ្អិបនឹងរថយន្តធំ បណ្តាលឱ្យស្លាប់ ម្នាក់ នៅហ្នឹងកន្លែងផឹកស៊ី និង របួសធ្ងន់ម្នាក់ ក្រោយមក ជនសង្ស័យបានរត់គេចខ្លួនមកពូនសម្ងំ ធ្វើជាកម្មករសំណង់នៅជាប់ព្រំដែនថៃ ក្នុងទឹកដីខេត្តឧត្តរមានជ័យ។
ពេលនោះ ជនសង្ស័យ រត់គេចខ្លួន បាត់ជាង១ខែ ស្រាប់តែកម្លាំងកងរាជអាវុធហត្ថឃាត់ជាប់ តែម្តង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀរាប នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធី៕ ប៊ុន រិទ្ធី