សារព័ត៌មានជប៉ុន Asahi Shimbun បានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី ផាក គឿនហេ ធ្លាប់បានចុះហត្ថលេខាលើលិខិតអនុញ្ញាតឲ្យ កម្លាំង ចារកិច្ចប្រទេសនេះ ធ្វើឃាតមេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន ។
ក្រោយពេលទទួលបានព័ត៌មានខាង លើ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាន ប្រកាស កាត់ទោសប្រហារជីវិត អតីត ប្រធានាធិបតីកូរ៉េខាងត្បូង។ ព័ត៌មានខាងលើក៏ត្រូវបានសារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយផងដែរ។
សារព័ត៌មានកូរ៉េខាងជើង បានដកស្រង់ការប្រកាសរបស់កូរ៉េខាងជើង ផ្សាយថា«យើងសូមប្រកាសឲ្យពលរដ្ឋកូរ៉េខាងជើងនិងពិភពលោកបានដឹងថា កូរ៉េខាងជើង បានសម្រេចកាត់ទោសប្រហារជីវិត ដល់ ជនក្បត់ ផាក គឿនហេ »។ ក្រៅពីនេះ នៅមានប្រធានក្រុមចារកម្មកូរ៉េខាងត្បូងNIS លោក Lee Byung Ho នឹងត្រូវទទួលរងការកាត់ទោសដូចគ្នា។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើដល់ទីក្រុងសេអ៊ូល ប្រគល់ «អ្នកក្បត់ ផាក គឿនហេ » និង អតីតប្រធានចារកម្មដោយអ្នកទាំងពីរបានជួយដល់ក្រុមភេរវកម្មប្រឆាំង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
កាលពីខែមុន ក្រសួងសន្តិសុខជាតិកូរ៉េ ខាងជើង បានបំផ្លាញគម្រោងធ្វើឃាត របស់ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូង ក្នុងការសម្លាប់ មេដឹកនាំគីម ជុងអ៊ុនដោយ សារធាតុគីមី។ ការចោទប្រកាន់ខាងលើកើតឡើងក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើងកំពុងតែតានតឹង ដោយសារតែការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េជើងនិងការស្លាប់របស់និស្សិតជនជាតិអាមេរិក។
នៅពេលនេះដែរ អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ ត្រូវបានកាត់ទោសនៅទីក្រុងសេអ៊ូលផងដែរ ពី បទប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ អាមេរិកនិងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នា ស្តីពីស្ថានភាពកូរ៉េ ខាងជើង ហើយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានប្តេជ្ញាត្រូវរួបរួមគ្នានៅក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីទប់ទល់ដាក់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
នៅពេលចាប់ផ្ដើមកិច្ចពិភាក្សា លើក ដំបូងមួយជាមួយនឹងរដ្ឋមន្រ្តីការបរទេសថ្មីរបស់ប្រទេស កូរ៉េខាងត្បូងលោកស្រី Kang Kyung-wha នៅក្នុងនោះរដ្ឋមន្រ្តីការបរទេសអាមេរិក បានចោទជាសំណួរថា តើប្រទេសសម្ពន្ធមិត្តទាំងពីរឈរលើគោលដៅដូចគ្នា ដើម្បីគ្រប់គ្រងប្រទេសផ្ដាច់ការកូរ៉េខាង ជើងមែនឬ? លោកបានឆ្លើយតបវិញថា នោះជាការពិតណាស់។
នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ព័ត៌មានលម្អិតពាក់ព័ន្ធ នឹងកិច្ច ពិភាក្សារបស់ពួកគេនៅមិនទាន់បង្ហាញនៅឡើយទេ។ គួរបញ្ជាក់ថារដ្ឋមន្រ្តីការ បរទេសកូរ៉េខាងត្បូង បានធ្វើដំណើរទៅ ដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអមដំណើរ ប្រធានាធិបតីលោក មូន ជេអ៊ីន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូលជាមួយ នឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕ ម៉ែវ សាធី