ភ្នំពេញៈ បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពី ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយត្នដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ចំពីចំហៀងខាងឆ្វេងពេញទំហឹង ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងែទី២ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណខ្មៅ ដែលមានពាក់ស្លាកលេខភ្នំពេញ1FL- 6034 និងបុរសម្នាក់ទៀតអង្គុយខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។លុះ មកដល់ផ្លូវបំបែកជាបួន មិនប្រុងប្រយ័ត្ន បានជិះទៅបុករថយន្តកាមរីមួយគ្រឿងម៉ាកតូយ៉ូតាហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X- 5576 បើកបរដោយបុរសមិនស្គាល់ឈ្មោះមា្នក់កំពុងធ្វើដំណើរតាមបណ្តោយផ្លូវ១៥៥ ក្នុងទិសដៅពីត្បូងទៅជើងចំពីចំហៀងក្បាលរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកឌុបរងរបួសធ្ងន់ចំជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯបុរសម្នាក់ទៀតដែលអង្គុយខាងក្រោយដួលរងរបួសស្រាល។ ចំណែករថយន្តរងការខូចខាតក្រពឹតផ្នែកខាងឆ្វេង ម៉ូតូរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច។
ក្រោយពេលកើតហេតុសាច់ញាតិភាគីខាងម៉ូតូ បានមកធ្វើការដោះស្រាយជាមួយភាគីខាងរថយន្តកាមរី និងបញ្ចប់រឿងនិងនៅកន្លែងកើតហេតុដោយមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ៕ ប្រាថ្នា