ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់ទ្វារបន្ទប់ផ្ទះជួល យកទូរទស្សន៍បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានស្វាគមន៍មួយដៃមួយជើងម្នាក់ឡើងទ្រូមខ្លួន ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ យិន ខ្មៅ អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍នៅបន្ទប់ក្បែរខាងបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើរូបគាត់បានលឺសំឡេងរុករើនៅក្នុងបន្ទប់លេខ១៩ ដែលម្ចាស់ចាក់សោចោលទៅធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ពេលនោះរូបគាត់បានចេញមកក្រៅ ក៏ឃើញជនសង្ស័យម្នាក់បានលីទូរទស្សន៍ចេញពីបន្ទប់ភ្លាមៗនោះគាត់បានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់រួចបានស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រមខ្លួននិងប៉ោងមុខ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ថានបានចុះមកដល់កន្លែងកើតហេតុហើយបាននាំយកវត្ថុតាង និងជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ និងឲ្យជនរងគ្រោះទៅដាក្យពាក់បណ្ដឹង៕ ភារ៉ា ដង្កោ