ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា អាមេរិក បានត្រៀមលក្ខណៈប្រើប្រាស់ កម្លាំងយោធាសម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង បើទោះបីរុស្ស៊ីប្រឆាំងក្តី។
កាលពីថ្ងៃទី៥ខែកក្កដា ឯកអគ្គរដ្ឋទួតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រកាសថា សកម្មភាពបង្កឲ្យមានអសន្តិសុខកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើងបានពន្លត់ក្តីសង្ឃឹមសម្រាប់ស្វែងរកដំណោះស្រាយ កិច្ចការបរទេស ហើយបង្ខំឲ្យអាមេរិកត្រូវប្រើប្រាស់កម្លាំងយោធាដើម្បីទប់ស្កាត់កូរ៉េខាងជើង។
ពាក់ព័ន្ធនិងការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប លោកស្រី Haley បញ្ជាក់ថា នៅពេលខាងមុខ អាមេរិកនឹងចេញសេចក្តី សម្រេច ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង ។ការប្រកាសរបស់លោកស្រី Haley ខាងលើកើតឡើង ក្រោយពេល ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានព្រមានថា សង្គ្រាម ជាមួយកូរ៉េខាង ជើង អាចនឹងកើតឡើង។
ប្រធានាធិបតីត្រាំបញ្ជាក់ថា « ការអត់ធ្មត់របស់អាមេរិកទៅលើកូរ៉េខាងជើងបានអស់ហើយ ។ គោលដៅរបស់យើងគឺ សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ហើយអាមេរិកនឹងការពារខ្លួនព្រមទាំងសម្ពន្ធ មិត្ត»។
ក្នុងពេលនេះរុស្ស៊ីនិងចិនបានប្រតិកម្មយ៉ាងខ្លាំង ដោយប្រទេសទាំងពីរបាន បញ្ជាក់ថា ដំណោះស្រាយយោធាមិនមែនជាជម្រើសល្អឡើយនៅឧបទ្វីបកូរ៉េ។ ការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាលើ កូរ៉េខាងជើង នឹងបង្កឲ្យមានលទ្ធផលអាក្រក់លើសពីការស្មាន។ ក្រៅពីនេះការឡោម ព័ទ្ធសេដ្ឋកិច្ចកូរ៉េខាងជើងក៏មិនអាចទទួលយកបានដែរ។
ក្រោយពេលអាមេរិកប្រកាសអស់ការអត់ធ្មត់ទៅលើកូរ៉េខាងជើង កម្លាំងបដិវត្តន៍ ប្រជាជនចិន PLA បានបញ្ជូនកម្លាំង ទាហានពិសេស ទៅកាន់តំបន់ជាប់ព្រំដែនកូរ៉េខាងជើង ដោយមានអាវុធទំនើបៗជា ច្រើនផងដែរ។
នៅថ្ងៃទី ៥ខែកក្កដា ក្រោយការសាកល្បងមីស៊ីលដោយជោគជ័យរបស់កូរ៉េខាងជើង អាមេរិកក៏បានចាប់ផ្តើមធ្វើសមយុទ្ធ រួមជាមួយកូរ៉េខាងត្បូងបាញ់គ្រាប់ពិត ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាមវាយ ប្រហារកូរ៉េខាងជើង។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា កាលពីអតីតប្រធានាធិបតី George W.Bush បានវាយប្រហារប្រទេសអាហ្វហ្គា នីស្ថាននិងអីុរ៉ាក់ ។ ចំណែកប្រធានាធិប តីត្រាំវិញ តើអាចដើរតាមគន្លងរបស់អតីតប្រធានាធិបតី George W.Bush ដែរឬទេ? នៅពេលនេះដែរ អាមេរិក មានមូលនិធិការពារជាតិយ៉ាងច្រើនលើសលប់ ដែលជា សញ្ញាមួយឲ្យប្រធានាធិបតីអាមេរិកបន្តធ្វើសង្គ្រាមនៅក្រៅប្រទេស។
ពាក់ព័ន្ធនឹងសកម្មភាពរបស់កូរ៉េខាងជើងនេះដែរ តាមការលើកឡើងរបស់អតីតមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកឃ្លាំមើល អាវុធ នុយក្លេអ៊ែរ អន្ដរជាតិមួយរូបបានបញ្ជាក់ថា ប្រទេសផ្ដាច់ការកូរ៉េខាងជើងមានក្បាល នុយក្លេអ៊ែរតូចៗ គ្រប់គ្រាន់ សម្រាប់បំពាក់ ទៅនឹងគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួននេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ។
លោក Olli Heinonen អតីតអគ្គនាយក រង ការពារសុវត្ថិភាព នុយក្លេអ៊ែរ ប្រចាំទី ភ្នាក់ងារថាមពល បរមាណូអន្តរជាតិ បាន ថ្លែងប្រាប់ វិទ្យុអាស៊ីសេរី ឲ្យដឹងថា ប្រទេស ផ្ដាច់ការ កូរ៉េខាងជើង អាចមានក្បាលនុយ ក្លេអ៊ែរតូចៗ ដែលមានទម្ងន់តិចជាង ៥០០គីឡូក្រាម ដោយសារតែបច្ចេកវិទ្យា និងកម្លាំងពលកម្មរបស់ខ្លួន រយៈពេលជាង មួយ ទសវត្សរ៍កន្លងមកនេះ គឺចាប់តាំងពី ប្រទេសកូរ៉េខាងជើង បានធ្វើការសាក ល្បង អាវុធនុយក្លេអ៊ែរ ជាលើកដំបូង នៅ ក្នុងឆ្នាំ២០០៦ ។
លោក Heinonen បានចង្អុលបង្ហាញថា ខណៈដែលរំលឹកថា ប្រទេសផ្ដាច់ការ កូរ៉េ ខាងជើង បានផលិតសារធាតុ plutonium ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ សូម្បីតែ មុនពេល ធ្វើតេស្តនុយក្លេអ៊ែរក៏ដោយ ក៏ កូរ៉េខាងជើង បានជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាភារកិច្ចដ៏ធំមួយ ដែលខ្លួនបាន ដាក់ធនធានមនុស្ស មានទេពកោសល្យ ជាច្រើនដើម្បីផលិតវា។
សកម្មភាពរបស់កូរ៉េខាងជើងនាពេលនេះក៏បានធ្វើឲ្យប្រទេសនៅក្នុងតំបន់ អាស៊ាន ក្នុងនោះមានវៀតណាម សិង្ហបុរី ជាដើមក៏ បានថ្កោលទោសដល់សកម្មភាពបាញ់មីស៊ីលឆ្លងទ្វីបដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu បានបញ្ជាក់ នៅថ្ងៃទី៦ខែកក្កដាថា «វៀតណាមមានក្តី បារម្ភយ៉ាងខ្លាំង ចំពោះកូរ៉េខាងជើង ដែល បានបាញ់មីស៊ីលជាបន្តបន្ទាប់ ជាការបំពានទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បង្កឲ្យមានភាពតានតឹង ថែម ទៀតនៅក្នុងតំបន់»។
ក្រៅពីនេះប្រទេសសិង្ហបុរី ក៏បានចូល រួមជាមួយ បណ្ដាប្រទេសមហាអំណាច ពិភពលោក ក្នុងការថ្កោលទោស ប្រទេស ផ្ដាច់ការកូរ៉េខាងជើង ដែលបានធ្វើតេស្ដ គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយ បានលើកឡើងថា នោះជាទង្វើដោយ ចេតនា និងជាអំពើហិង្សាផងដែរ។ នេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មាន សិង្ហបុរី Channel News Asia នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ ក្រសួងការបរទេស សិង្ហបុរី បានឲ្យដឹងថា ការធ្វើតេស្ដ អាវុធមីស៊ីលផ្លោងឆ្លងទ្វីប របស់ប្រទេសផ្ដាច់ការ កូរ៉េខាងជើង គឺ បានរំលោភយ៉ាងធ្ងន់ធ្ងរ ចំពោះដំណោះ ស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខ នៃ អង្គការសហប្រជាជាតិ ប្រឆាំងនឹងការ ធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ និងមីស៊ីល ។
គួរបញ្ជាក់ថា ប្រទេសផ្ដាច់ការកូរ៉េខាង ជើង បានធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីលផ្លោង ឆ្លងទ្វីប ICBM កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ ឆ្ពោះទៅកាន់សមុទ្រ ខាងកើតប្រទេស ដែលជាដែនសមុទ្រ របស់ជប៉ុន និងកូរ៉េខាងត្បូង ហើយការធ្វើ តេស្ដនោះ ក៏ចំពេលដែលអាមេរិក ប្រារព្ធ ខួបទទួលបានឯករាជ្យភាពដែរ ដែល សកម្មភាពនេះ ត្រូវបានអាមេរិក ចោទ ប្រកាន់ថា ជាសកម្មភាពបង្កជម្លោះ និងជា ការគំរាមកំហែង ដ៏ធ្ងន់ធ្ងរមួយចំពោះស្ថិរភាពពិភពលោក ៕ ម៉ែវ សាធី