ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកមិនចង់ឲ្យប្រទេសសម្ពន្ធមិត្តនៅតំបន់អារ៉ាប់មានជម្លោះគ្នាឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានធ្វើដំណើរទស្សនកិច្ចទៅ កាន់ប្រទេសគុយវ៉ែត ដែលជាប្រទេស អាជ្ញាកណ្តាល ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅតំបន់ឈូងសមុទ្រ រវាង កាតារនឹង ៤ប្រទេសក្នុងតំបន់អារ៉ាប់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានយកចិត្តទុកដាក់ យ៉ាងខ្លាំង និងព្រួយបារម្ភពីវិវាទ នៅតំបន់ ឈូងសមុទ្រ ។មកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញឲ្យឃើញពី ការរីកចម្រើន បញ្ចប់ស្ថានការណ៍តានតឹង នោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់គុយវ៉ែត នាថ្ងៃទី១០ ខែកក្កដានេះ គឺជាការ បង្ហាញពីសុច្ឆន្ទៈរបស់អាមេរិក ក្នុងការដោះស្រាយបញ្ចប់វិបត្តិនៅទីនោះ។ អាមេរិក មានទំនាក់ទំនងល្អទាំងនៅក្នុងប្រទេស កាតារ និង ប្រទេស អារ៉ាបីសាអ៊ូឌីត។ដូច្នេះអាមេរិកមិនចង់ឲ្យភាគីទាំង២ ដែលជា អតិថិជន ទិញអាវុធដ៏សំខាន់របស់អាមេរិក ប្រឈមមុខតានតឹងដាក់គ្នានោះ។

កាលពីថ្ងៃទី ៦ខែកក្កដា រដ្ឋមន្ត្រីការពារ ជាតិអាមេរិក លោក Jim Mattis បានជួប ពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគី កាតារ លោក Khalid Bin Mohammed Al Attiyah ។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការ ពារជាតិអាមេរិក បានស្នើដល់ភាគីមាន វិវាទ ឲ្យស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ។ជាមួយគ្នានោះអាមេរិក ក៏បាន បញ្ជាក់ឡើងវិញ ពីសម្ពន្ធមិត្តយុទ្ធសាស្ត្រ រវាងកាតារនឹងអាមេរិក មិនមានការផ្លាស់ ប្តូរឡើយ។

ប្រសិនបើមិនអាចដោះស្រាយ បញ្ចប់ វិបត្តិឲ្យបានឆាប់ទេ អាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងតំបន់អារ៉ាប់ ធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងនៅលើពិភពលោក ។

ក្រុមអ្នកវិភាគបានលើកឡើងថា តើវិបត្តិទាំងនោះកើតចេញពីការច្រណែន ជាមួយ កាតារឬ?អ្នកខ្លះយល់ថា អារ៉ាប៊ីសាអ៊ូឌីត បានអូសទាញប្រទេសក្នុងតំបន់ផ្សេងទៀត ឲ្យធ្វើសង្រ្គាមការទូត ជាមួយកាតារ ក៏ដោយសារតែអារ៉ាប៊ីសាអូ៊ឌីត ច្រណែន នឹងភាពមានបាន ភាពល្បីល្បាញរបស់ កាតារ នៅលើឆាកអន្តរជាតិ។ ហេតុផល​នេះ ក៏វាគួបផ្សំ ជាមួយទំនោររបស់កាតារ ដែលចេះតែខិតទៅជិតអុីរ៉ង់ ដែលធ្វើឲ្យ អារ៉ាប៊ីសាអ៊ូឌីតក្តៅក្រហាយ។

ទោះមានហេតុផលចាក់ស្រេះយ៉ាង ណា ក៏ប៉ុន្តែមានហេតុផលធំមួយ ដែលជា ស្នូលនោះ គឺចរន្តផ្សព្វផ្សាយទ្រឹស្តីសាសនាអ៊ិស្លាម ក្នុងពិភពអារ៉ាប់។ អារ៉ាប៊ីសាអ៊ូឌីត តាំងខ្លួន ជាកំពូលប្រទេស ដែលផ្សព្វផ្សាយទ្រឹស្តីអ៊ិស្លាមគំរូ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ ពិភព លោក កំពុងតែឆ្លងកាត់វិបត្តិយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងសង្រ្គាមក្នុងពិភពអារ៉ាប់ នៅស៊ីរី នៅអុីរ៉ាក់ នៅយេមែន ដែលសុទ្ធតែជា សង្រ្គាមរវាងនិកាយអ៊ិស្លាមខុសគ្នា។ ចរន្ត ភេរវកម្មជីហាដអ៊ិស្លាម បានរីកសាយ អូស ទាញយុវជនមកពីគ្រប់ទិសទី ដែលបាន គំរាមកំហែង ដល់សន្តិសុខពិភពលោក។

នេះជាការទទួលខុសត្រូវរួម របស់ប្រទេស អ៊ិស្លាមធំៗ ដែលសុទ្ធតែបានតាំងខ្លួន ជា មេផ្សព្វផ្សាយសាសនាអ៊ិស្លាម មិនថា កាតារ ឬអារ៉ាប៊ីសាអ៊ូឌីតនោះទេ។ ដល់ ពេលហើយ ដែលប្រទេសអ៊ិស្លាមទាំងនោះ ត្រូវផ្សព្វផ្សាយសារសន្តិភាពនិយម បញ្ចប់ ការសងសឹក ការរើសអើង ស្អប់ខ្ពើមគ្នាទៅវិញទៅមកនិងសង្គ្រាមគ្មានទីបញ្ចប់។

ទាក់ទិនទៅនឹងវិបត្តិ រវាងប្រទេសកាតារ ជាមួយនឹងក្រុមប្រទេសអារ៉ាប់ឈូងសមុទ្រពែក្ស ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ទើបបានអំពាវនាវ ឲ្យប្រទេស ពាក់ព័ន្ធទាំងអស់ចរចា សម្រុះសម្រួលគ្នា ដោយសន្តិវិធី ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។ ក្នុងន័យនេះក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចង់ សំដៅថា ក្រុមប្រឹក្សាសន្តិសុខ នឹងមិន ចេញសេចក្តីសម្រេចចិត្តណាមួយទេ ទាក់ ទិននឹងបញ្ហានេះ។

ខែកក្កដា នេះ គឺដល់វេនចិនដែលត្រូវធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ។ ទាក់ទិនទៅនឹង វិបត្តិ រវាងកាតារ ជាមួយនឹងក្រុមប្រទេសអារ៉ាប់ឈូងសមុទ្របួនប្រទេសមាន អារ៉ាប៊ី សាអ៊ូឌីត បារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និង អេហ្ស៊ីប។

លោក លីវ ជាយី ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា មធ្យោបាយ តែមួយ និងល្អបំផុត ដើម្បីចាក ចេញពីវិបត្តិនេះ គឺប្រទេសពាក់ព័ន្ធទាំង អស់ ត្រូវរៀបចំលើកឡើងនូវសំណើរ ដំណោះស្រាយ តាមរយៈការនិយាយចរចា គ្នា។

តាមរយៈសម្តីរបស់លោកអគ្គរដ្ឋទូត ចិន ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនេះ គឺមានន័យថា ក្រុមប្រឹក្សាសន្តិសុខ នឹងមិនបើកកិច្ចប្រជុំ ដើម្បីធ្វើសេចក្តីសម្រេចចិត្តណាមួយ ក្នុងក្រមបខ័ណ្ឌអង្គការសហប្រជាជាតិ ឡើយ ទាក់ទិនទៅនឹងវិបត្តិប្រទេសកាតារនេះ។

សូមបញ្ជាក់ថា ការប្រកាសរបស់លោកអគ្គរដ្ឋទូតចិននេះ ធ្វើឡើង បន្ទាប់ពីលោក អគ្គរដ្ឋទូតកាតារ ប្រចាំអង្គការសហ ប្រជាជាតិ បានចូលទៅប្រជុំជាមួយនឹង ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទូរទស្សន៍ Al-Jazeera បានផ្សាយថា លោក Mohammed Ben Abderrahmane al-Thani ឯក អគ្គរដ្ឋទូតកាតារប្រចាំអង្គការសហប្រជាជាតិ បានសំណូមពរឲ្យក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឲ្យអារ៉ាប៊ីសាអូឌីត ព្រមទាំង សម្ពន្ធមិត្ត ដកទណ្ឌកម្មចេញពីកាតារ ជាបន្ទាន់។

សូមរំលឹកថា វិបតិ្តបានផ្ទុះឡើង កាល ពីថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំប្រទេស៣ទៀត មានបារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប ឲ្យផ្តាច់ ទំនាក់ទំនងការទូត និងបិទព្រំដែនជា មួយកាតារ។ ប្រទេសទាំងនេះ បានចោទ ប្រកាន់កាតារ ថាបានទំនុកបម្រុងគាំទ្រ ក្រុមចលនាភេរវកម្ម និងមានទំនោរខិត ទៅរកអុីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់ អារ៉ាប៊ីសាអ៊ូឌីត។

ដោយមានប្រទេសគុយវ៉េត ជាអ្នក សម្របសម្រួល ប្រទេសទាំង៤ បានដាក់ លក្ខខណ្ឌ១៣ចំណុច ឲ្យកាតារធ្វើឲ្យបានក្នុងរយៈពេល១០ថ្ងៃ។ កាតារទើបតែ បានឆ្លើយតបទៅវិញ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា តែគេមិនទាន់ដឹងថា ជាចម្លើយ វិជ្ជមាន ឬអវិជ្ជមានទេ។ តែបើតាមការតាម ដានកន្លងមក កាតារ បានបរិហារថា លក្ខខណ្ឌទាំង១៣ចំណុច ដែលគេដាក់ មកលើខ្លួន គឺជាការរំលោភលើអធិប តេយ្យភាព ក្នុងនាមខ្លួនជាប្រទេសឯករាជ្យ៕ ម៉ែវ សាធី


ចែករំលែក៖