ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបតិកភណ្ឌពិភពលោក (៧ កក្ដដា ២០០៨ ៧កក្ដដា ២០១៧)

ចែករំលែក៖

ខេត្តព្រះវិហារ៖ អបអរសាទរខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ៧កក្ដដា ២០០៨ ៧កក្ដដា ២០១៧ ក្រោមអធឹបតីភាព លោក មាស សុភា អគ្គមេបញ្ជាការរងនឹងមេបញ្ជាការកងទព័ជើងគោក ដោយមានការចូលរួមពីសំណាក់អស់លោក អាជ្ញាធរប្រាសាទព្រះវិហារ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ពីធីបានធ្វើឡើងនៅក្នុងបរិវេណប្រាសាទកោះកែរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៍នឹងវិចិត្តសិល្បៈបានអោយដឹងថា ថ្ងៃនេះយើងប្រារព្វពិធីអបអរសាទរខួបលើកទី៩នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបតិកភណ្ឌពិភពលោក ដែលជាលទ្ឋផលនៃកិច្ចខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាករបស់រាជរដ្ឋភិបាល នឹងសម្តេចវិបុលបញ្ញា សុខ អាន រហូតទទួលបានជោគជ័យនៅថ្ងៃ០៧ កក្ដដា ឆ្នាំ២០០៨ នៅទៅក្រុងកេបិច ប្រទេសកាណាដា ។

លោក បានរំលឹកពីប្រវត្តិប្រាសាទព្រះវិហារយ៉ាងសង្ខេបថា ប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានកសាងនៅលើកំពូលភ្នំព្រះវិហារជួរភ្នំដងរែក ដែលមានកម្ពស់៦២៥ម៉ែត្រ តាមការស្រាវជ្រាវអាចសន្មត់ថា សំណងប្រាសាទព្រះវិហារត្រូវបានកសាងដំបូងនៅដើមសតវត្សទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២.៨៥០ តាមសិលាចារិកលេខK583 បានសរសេរក្នុងរជ្ជកាលព្រះបាទរេជន្រ្ទវរ្ម័នទី២ឆ្នាំ៩៤៤ .៩៦៨ និយាយថា ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបពត៍ប្រាសាទវត្តភូ ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិស្វារៈមកដម្កល់នៅភ្នំព្រះវិហារក្នុងនាមអទិទេពព្រះស្រីសិខារេស្វរៈ ដែលមានន័យថា អាទិទេពកំពូលភ្នំសិខាស្វរៈ ដែលហៅចំពោះលិង្គព្រះឥសូរដម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង ប្រាសាទព្រះវិហារសាងសង់ឧទ្ទិសដល់ព្រះឥសូរនៃព្រហ្មញ្ញសាសនា។

ការកសាងប្រាសាទគឺសណ្តូកតាមស្ថានភាពជំរាលភ្នំខាងត្បូងត្រង់ចំណុចខ្ពស់បំផុតនៃភ្នំទៅជើងដែលមានប្រវែង៨០០ម៉ែត្រជាថ្នាក់ៗចំនួន៥ថ្នាក់ នៅតាមថ្នាក់នីមួយៗគេសាងសង់ប្រាសាទជាក្លោងទ្វា ឬហៅថា គោបុរៈ ហើយសាងព្រះថ្នល់ភ្ជាប់ពីក្លោងទ្វាមួយទៅក្លោងទ្វាមួយទៀតចាប់ពីថ្នាក់ក្រោមរហូតដល់ ប្រាសាទកំពូលកណ្តាលជាកន្លែងដាក់ដម្កល់លិង្គស្រីសិខារេស្វរៈ ព្រមទាំងដម្កល់លិង្គព្រះស្រីសូរ្យវរមេស្វរៈក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នស្តេចដែលកសាងប្រាសាទព្រះវិហារ ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធបុត្រាជ័យវរ្ម័នទី២ឆ្នាំ៨០២ .៨៥០ ព្រះបាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩.៩០០ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៦ ឆ្នាំ៩៤៤ .១០០១ ព្រះបាទសូរិយវរ្ម័នទី១ឆ្នាំ១០០២.១០៥០ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ និងព្រះបាទហ៍សវរ្ម័នទី២ ឆ្នាំ១០៥០.១០៨០ ព្រះបាទសូរ្យវរ្ម័នទី២ ឆ្នាំ១១១៣.១១៥០។

លោកនាយឧត្តមសេនីយ មាស សុភា បានឲ្យដឹងថា ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ និងប្រាសាទផ្សេងៗទៀតដែលបានរកឃើញ ឬប្រាសាទដែលបានកប់នៅក្នុងព្រៃនេះនៅឡើយពិតជាមានតម្លៃផ្នែកផ្លូវចិត្ត និងសាសនាខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ។ លើសពីនេះទៅទៀត ប្រាសាទដែលជាកេរ្តិ៍មរតកពីដូនតាមិនត្រឹមបាននាំមកនូវកេរ្តិឈ្មោះល្បីល្បាញ ភាពស្ញប់ស្ញែង និងការកោតសរសើរឥតឈប់ឈរប៉ុណ្ណោះទេ ប៉ុន្តែបាននាំមកនូវលំហូរភ្ញៀវទេសចរណ៍ដ៏ច្រើនក្រៃលែងមកកម្ពុជា ដែលបង្កើតបានជាប្រភពចំណូលមិនចេះរីងស្ងួតសម្រាប់ប្រជាជនខ្មែរគ្រប់រូបនិយាយដោយឡែកសម្រាប់ប្រជាជនរស់នៅក្នុងខេត្តព្រះវិហារប្រជាជនកម្ពុជាពិតជាមានមោទនភាពនិងទទួលយកផលប្រយោជន៍ជាកេរ្តិ៍មរតកនេះដោយរីករាយ។

លោកបានបន្តថា សូមអំពាវនាវដល់ប្រជាជនសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាការពារ ថែរក្សា អភិវឌ្ឍន៍ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទបុរាណក៍ដូចជាសម្បត្តិធម្មជាតិផ្សេងៗទៀត ដើម្បីទុកផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់ជនរួមជាតិផង និងសម្រាប់ជាកេរ្តិដំណែលបន្តទៀតដល់អ្នកជំនាន់ក្រោយៗនៃយើងទាំងអស់គ្នាផង៕ វណ្ណៈ


ចែករំលែក៖