ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើមបង្កើនបរិមាណរថយន្តក្រុង និងពង្រីកសេវាដឹក ជញ្ជូនក្រុងចាប់ពីពាក់កណ្តាលខែកក្កដានេះទៅ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងក្រុងភ្នំពេញ។
មន្ត្រីសាលាក្រុងបានឲ្យដឹងថា នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ផ្លូវរថយន្តក្រុងនឹងពង្រីកចំនួន៥ខ្សែបន្ថែមទៀត ដែលអាចបម្រើសេចក្តីត្រូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញបានអះអាង នៅព្រឹកថ្ងៃទី០៦ ខែកក្កដាថា ការឈាន ទៅពង្រីកខ្សែរត់របស់រថយន្តក្រុងនេះ គឺបន្ទាប់ពី ជំនួយរថយន្តក្រុងចំនួន១០០គ្រឿងរបស់ភាគីចិនបានមកដល់រាជធានីភ្នំពេញ ដែលគ្រោងធ្វើពិធីប្រគល់និងទទួលនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។
រថយន្តទាំង១០០គ្រឿងនេះនឹងត្រូវបែងចែករថយន្តមួយចំនួន ទៅបំពេញឱ្យរថយន្តក្រុង ចាស់ៗចំនួន ៥៧គ្រឿងដែលកំពុងប្រតិបត្តិការនៅលើខ្សែរថយន្តចំនួន៣ ហើយសល់មួយចំនួនទៀត នឹងត្រូវពង្រីកខ្សែរត់ចំនួន២ខ្សែបន្ថែមទៀត។
លោកបញ្ជាក់ថា ចំពោះការបន្ថែមខ្សែរត់ចំនួន២ខ្សែទៀតនេះកំពុង បន្តការសិក្សាឱ្យបានច្បាស់លាស់ រួមទាំងបង្កើនការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈមួយចំនួនទៀត ដើម្បីជំរុញឱ្យសេវាដឹកជញ្ជូន សាធារណៈតាមរយៈ រថយន្តក្រុងនេះធានាបានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរ។
យោងតាមផែនការនៃប្រព័ន្ធផ្លូវរត់សេវារថយន្តក្រុងបន្ថែមនេះនឹងត្រូវជ្រើសរើសយកផ្លូវសំខាន់ៗ ដោយមាន ចំនួនប្រជាពលរដ្ឋរស់នៅច្រើន មានគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន រោងចក្រ បូរី សាលារៀន មន្ទីរពេទ្យនិងផ្សារជាដើម៕
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ