ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញបង្រ្កាបរថយន្តដឹកឈើ ៥គ្រឿង ក្រោយបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីអង្កប្រជុំគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ កិច្ចប្រជុំគណៈបញ្ជាការឯកភាពនោះលើកឡើងថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធដែលត្រូវតែអនុវត្តច្បាប់ ត្រូវតែយកភ្នែកមើលឲ្យបានច្រើនជាងយកត្រចៀកស្ដាប់ សម្ដីនេះធ្វើឲ្យមន្រ្តីក្នុងអង្កប្រជុំភាគច្រើនពេញចិត្តស្ដូក ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថ្នាក់ដឹកនាំខ្លះៗទេ ដែលស្ទើរតែទាំងអស់សុទ្ធយកត្រចៀកស្ដាប់មិនមើលនោះ ហើយក្រោយកិច្ចប្រជុំមកនោះនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គេឃើញរោងត្រួតពិនិត្យបទល្មើសដែលគេសង្ស័យដើម្បីយកលុយតិចឬច្រើនរបស់មន្រ្តីជំនាញ.រដ្ឋបាលព្រៃឈើ និងបរិស្ថាន ត្រង់ចំណុចអូរល័ក្ខមាស និងស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានរុះរើ ក្រោយមកក៍មានការបង្រ្កាបរថយន្តដឹកឈើជាហូរហែរចំនួន ៥គ្រឿង ប៉ុន្តែនៅតែមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំឲ្យបទល្មើសរួចខ្លួនខ្លះៗដដែល។

ប្រភពបន្តថាជាក់ស្ដែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីស្នាក់ការ(កម្មវិធីអភិរក្សតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្ដាល) ដែលមានទីតាំងស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ធ្វើការបង្រ្កាបរថយន្តប្រភេទធំដឹកឈើចំនួន ០២គ្រឿង ហើយបានដោះលែងទៅវិញនៅប៉ុន្មានថ្ងៃក្រោយដោយមានអាត់កម្បាំង ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ធ្វើការបង្រ្កាបរថយន្តម៉ាក សុីណា ដឹកឈើប្រភេទប្រណិតធ្នង់ជាង ២៣០ដុំដែរ លុះនៅវេលាម៉ោងទាបភ្លឺ ថ្ងៃទី០៦ ខែកក្កដាដដែល នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ដដែល ត្រង់ម្តុំឃុំព្រងិល ស្រុកភ្នំក្រវាញ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើលាច ធ្វើការបង្រ្កាបរថយន្តម៉ាក សាំយ៉ុង ពណ៏ទឹកប្រាក់ ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ០១គ្រឿងទៀត តែឮថាប៉ុន្មានម៉ោងក្រោយមានអ្នកអន្តរាគមន៍ឲ្យដោះលែងទៅវិញបាត់ ដោយគេសង្ស័យផ្នូរនឹងទឹកប្រាក់ចំនួន ១៥,០០០០០រៀល(មួយលានប្រាំសែន) រហូតដល់វេលាម៉ោងទាបភ្លឺដដែល ថ្ងៃទី០៧ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ កម្លាំងនគរបាលសហការគ្នាធ្វើបង្រ្កាបរថយន្តម៉ាក សាំយ៉ុង ពណ៏សំបកឪឡឹក ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ០១គ្រឿងថែមទៀត ម្ចាស់ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះករណីមន្រ្តីជំនាញ និងមន្រ្តីនគរបាលមូលដ្ឋានធ្វើការបង្រ្កាបរថយន្តដឹកឈើជាបន្តបន្ទាប់ ក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ហើយក៍មានការរុះរើរោងមន្រ្តីជំនាញ និងមានការត្រួតពិនិត្យពីសំណាក់អាជ្ញាធរមូលដ្ឋាននៅតាមដងផ្លូវនានាផងនោះ ឃើញថារថយន្តធុនធំដឹកឈើចំនួន ០២គ្រឿង ដែលមន្រ្តីហៅកាត់ថា(សុីអាយ)ចាប់នោះបានដោះលែងហើយ ហើយឮថានៅបន្តសកម្មភាពដដែលនៅឡើយ ចំណែករថយន្តម៉ាក សាំយ៉ុង និងសុីណា ដឹកឈើប្រភេទប្រណិតធ្នង់ ត្រូវបានយកទៅបន្តនីតិវិធី និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយឡែក៖ រថយន្តម៉ាក សាំយ៉ុង ១គ្រឿងទៀតនោះក៍ដោះលែងស្ងាត់ៗទៅហើយ ៕ ប៉ឹម ពិន


ចែករំលែក៖