ភ្នំពេញ៖ កម្មការិនីជាច្រើននាក់ បានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលឃើញធ្វើសកម្មភាពលូកហោប៉ៅខោបំរុងយកទូរស័ព្ឋពីកម្មកររោងចក្រ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រថានថេសា (រោងចក្រកាត់ដេខោអាវ) ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានប្រាប់ឲ្យដឹងថា ស្ត្រីជនសង្ស័យខាងលើមានឈ្មោះ គង់ ធាលី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្តថា មុននិងឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើនោះគឺ នៅវេលាម៉ោង១១និង៣០នាទីនាថ្ងៃកើតហេតុ ក្រុមកម្មកររោងចក្រខាងលើបានដល់ម៉ោងចេញពីធ្វើការ ហើយរកទិសអីហូបនៅមុខរោងចក្រ ខណៈនោះក៏លេចមុខស្ត្រីជនសង្ស័យម្នាក់ខាងលើចេញមកដើរសសៀរៗក្បែរគេឯង ហើយក៏ធ្វើសកម្មភាពលូកហោប៉ៅខោបំរុងលួចយកទូរស័ព្ឋ តែពេលភ្លាមៗនោះ ក៏ត្រូវបានក្រុមកម្មករឃើញទាន់ ហើយនាំគ្នាចាប់បាននៅនឹងកន្លែងតែម្ដង ។
បើតាមស្ដីក្រុមកម្មករខាងលើបានប្រាប់ឲ្យដឹងដែរថា កាលពីម្សិលមិញមុនថ្ងៃកើតហេតុ ពួកគាត់បានបាត់ទូរស័ព្ឋអស់ចំនួន២គ្រឿងម្ដងមកហើយ ហើយពួកគាត់ក៏បាននាំគ្នាមានការប្រុងប្រយ័ត្នពេលចេញធ្វើការរកទិញអីហូប រហូតនៅថ្ងៃកើតហេតុ ក៏មានការសង្ស័យស្ត្រីខាងលើ ហើយនាំគ្នាសង្កេតមើលទាំងអស់គ្នា ក៏ឃើញស្ត្រីខាងលើធ្វើសកម្មភាពជាក់ស្ដែកតែម្ដង ។
ក្រោយពេលកើតហេតុ ស្ត្រីសង្ស័យខាងលើរួមនឹងម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FH-0609 ដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចចុះទៅនាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរនិងកសាងសាណុំរឿងបញ្ចូនបន្តទៅកាន់អធិការនគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមច្បាប់៕ ភារ៉ា ដង្កោ