ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី បង្ហាញពីការគាំទ្រដល់កូរ៉េខាងជើង

ចែករំលែក៖

រុស្ស៊ីបានបង្ហាញពីការគាំទ្រ ដោយប្រយោលដល់កូរ៉េខាងជើង តាមរយៈអង្គការសហប្រជាជាតិ ដោយកន្លងមក រុស្ស៊ីបានប្រឆាំងនឹងការអនុម័ត ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ។ រុស្ស៊ីក៏បានលើកឡើងដែរថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងនោះជារយចម្ងាយមធ្យម មិនមែនជាមីស៊ីលឆ្លងទ្វីបដូចអាមេរិកចោទប្រកាន់ឡើយ។

រុស្ស៊ី នាពេលថ្មីៗនេះតាមសេចក្តីរាយការណ៍ បានប្រគល់ឯកសារ ដែលបង្ហាញថា មីស៊ីលដែលប្រទេសកុម្មុយនីស្តផ្ដាច់ការ កូរ៉េខាងជើង បាញ់សាកល្បងកាលពីសប្ដាហ៍មុន គឺជាមីស៊ីលមាន រយៈចម្ងាយវាយប្រហារមធ្យម មិនមែនជាមីស៊ីលផ្លោងឆ្លងទ្វីបនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ឯកសារជាភស្តុតាងដែលបានប្រគល់ទៅឲ្យលេខាធិការដ្ឋានអង្គការសហប្រជាជាតិ មានភាពខុសគ្នា នឹងលទ្ធផលនៃការរកឃើញ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបង្ហាញថា មីស៊ីល Hwasong-14 គឺជាមីស៊ីលផ្លោងឆ្លងទ្វីប មានសមត្ថភាពអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។

ឯកសាររបស់រុស្ស៊ី តាមសេចក្តីរាយការណ៍របស់កាសែត TASS ដែលត្រូវបានប្រគល់ឲ្យអង្គការ សហប្រជាជាតិ កាលពីចុងសប្តាហ៍កន្លងនោះ បាននិយាយថា មូលដ្ឋានរ៉ាដា នៅទីក្រុង Irkutsk ប្រទេសរុស្ស៊ី បានតាមដានការបាញ់មីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង កាលពីថ្ងៃទី០៤ ខែកក្កដា រកឃើញថា មីស៊ីលនេះ ហោះហើរអស់រយៈពេល១៤នាទី ក្នុងរយៈកម្ពស់ជាអតិបរមា៣៣២ម៉ាយ និងចម្ងាយហោះហើរបាន៣១៧ម៉ាយ ហើយផ្អែកទៅលើទិន្នន័យនេះ មីស៊ីល Hwasong-14 គឺជាមីស៊ីលរយៈមធ្យម ដែលអាចវាប្រហារ គោលដៅ ស្ថិតក្នុងចម្ងាយ១.២៤០ម៉ាយ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការសម្ញែងកម្លាំងរបស់កូរ៉ែខាងជើង រងការដាក់ទណ្ឌកម្ម ចំណែកអាមេរិក និងកូរ៉េខាងត្បូង ដែលមានសកម្មភាពចង់វាយប្រហារគេ គំរាមកំហែងកូរ៉ែខាងជើង ម្តេចមិនរងការដាក់ទណ្ឌកម្ម ៕ ម៉ែវ សាធី


ចែករំលែក៖