ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកាប់ជំនួយការឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ របួសធ្ងន់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ , ចោទប្រកាន់បទប៉ុនប៉ងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជាអ្នកបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្នែកបុគ្គលិកទទួលភ្ញៀវចុះលើយន្តហោះ របស់ក្រុមហ៊ុនឯកជនមួយ ដែលបានទាញកាំបិតកាប់ជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈជនរងគ្រោះកំពុងដើរក្នុងអាកាសយានដ្ឋាននោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

តាមប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ”ប៉ុនប៉ងឃាតកម្ម”តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ប្រភពព័ត៌មាន បន្តថា ការចោទប្រកាន់នេះគឺយោងលើភស្តុតាងដែលបង្ហាញថាយុវជនរូបនេះមានស្មារតីគ្រប់គ្រាន់មិនមែនជាមនុស្សឡប់សតិហើយក៏ពុំមានប្រើប្រាស់គ្រឿងញៀនទេ។ដូច្នេះអាចមានអ្នកបញ្ជាពីក្រោយឲ្យធ្វើសកម្មភាពនេះ។

សមត្ថកិច្ច បញ្ជាក់ថា យុវជនរូបនេះឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវចុះពីលើយន្តហោះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្លាំងសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាប់ខ្លួនប្រគល់ឲ្យនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីកាលពីវេលាម៉ោង៨៖៣០ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ។

បុរសរងគ្រោះឈ្មោះ កែវ សូថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានទីលំនៅផ្លូវលេខ៥៩៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងដើរកាត់តាមស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មកពីបរទេសស្រាប់តែត្រូវបានជនដៃដល់យកកាំបិតប៉័ងតោ មកកាប់ទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសហូរឈាមកក្លាក់ជោគខ្លួន និងសម្លៀកបំពាក់ ។ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជននោះក៏ត្រូវបានកម្លាំងសន្តិសុខ ឃាត់ខ្លួនបានភ្លាមៗផងដែរ៕ ចេស្តា


ចែករំលែក៖