កាលពីថ្ងៃទី១៦ ខែកក្កដា នាវា១គ្រឿង របស់យោធាកាមេរូនបានក្រឡាប់លិចនៅតំបន់សមុទ្រ ភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យទាហានរាប់សិបនាក់បាត់ខ្លួន។
សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថា នាវាបានលិចស្ថិតនៅតំបន់ចន្លោះទីក្រុង Limbe និង Bakassi របស់ប្រទេសកាមេរូន។
នាវាខាងលើដឹកទាហានរាប់សិបនាក់ មកពីកងពលប្រតិកម្មរហ័សរបស់កម្លាំងទាហានកាមេរូនក្នុងនោះមានមន្ត្រីយោធាផងដែរ។ កម្លាំងទាហានខាងលើដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មបូកូណារាមនៅតំបន់ភាគខាងជើង ប្រទេសកាមេរូន។
ក្រោយមានហេតុការណ៍គ្រោះថ្នាក់ ខាងលើកើតឡើង កម្លាំងទាហានប្រទេសនេះបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ កន្លែងកើតហេតុជាបន្ទាន់។ ក្រុមជួយ សង្គ្រោះបានរកឃើញសាកសពទាហានម្នាក់ប៉ុណ្ណោះ។ ចំណែកទាហានផ្សេង ទៀតនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ។ នាវាដែលជួបហេតុការណ៍នេះ បានដឹកជញ្ជូនសម្ភារយោធាដើម្បីសាង សង់ទីតាំងនៅលើកោះ Bakassi។
ទាហានប្រតិកម្មរហ័សដែលជួបគ្រោះថ្នាក់នោះ ជាកម្លាំងដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ និងវាយប្រហារ ទៅលើក្រុមភេរវកម្មបូកូហារ៉ាម ដែលបានបង្កើនការចាប់មនុស្សជាច្រើនធ្វើជាចំណាប់ ខ្មាំងនៅក្នុងប្រទេសនេះ។
ក្រុមបូកូហារ៉ាមបានបង្កើតឡើងនៅ ក្នុងប្រទេសនេហ្សេរីយ៉ា ប៉ុន្តែក្រុមនេះបានធ្វើសកម្មភាពជាច្រើននៅប្រទេសជិតខាងជាប់ព្រំដែន ក្នុងនោះមានប្រទេសកាមេរូន ឆាត និងណៃជឺជាដើម។ តំបន់ភាគខាង ជើងប្រទេសកាមេរូនជាប់ព្រំដែនប្រទេសនីហ្សេរីយ៉ា រងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមបូកូហារ៉ាម។
កាលពីសប្តាហ៍កន្លងទៅ កម្លាំងក្រុម ភេរវកម្មបានបើកការវាយប្រហារគ្រាប់ បែកអត្តឃាត នៅភាគខាងជើងប្រទេស កាមេរូនដោយបានសម្លាប់មនុស្ស១៥នាក់។អំពើហិង្សានៅទីនោះបណ្តាលឲ្យពលរដ្ឋជាង២សែននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព៕ ម៉ែវ សាធី