ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនមិនគាំទ្រកូរ៉េខាងត្បូងចរចាជាមួយកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា អាទិភាពនាពេលនេះ គឺបង្កើនគំនៀបទៅលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម មិនមែនជាពេលវេលាចរចាដូចអ្វីដែលកូរ៉េខាងត្បូងបានស្នើរកូរ៉េខាងជើងនោះ។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី១៧ ខែកក្កដា ថា «នេះមិនមែនជាពេលវេលាសម្រាប់ចរចានោះឡើយ គឺជាពេលវេលាសម្រាប់ដាក់គំនៀបទៅលើកូរ៉េខាងជើង»។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពកូរ៉េខាងជើង។

សារព័ត៌មាន AFP បានដកស្រង់សម្តី Norio Maruyama បានបញ្ចាក់ថា «នេះជាពេលវេលា ដើម្បីដាក់គំនៀបទៅលើកូរ៉េខាងជើងដើម្បីជំរុញឲ្យប្រទេសនេះចូលតុចរចាដោយមុឺងម៉ាត់»។

រដ្ឋមន្ត្រីការបរទេសជប៉ុនកំពុងចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពកូរ៉េខាងជើង។ ក្នុងពេលនេះ អង្គការសហប្រជាជាតិកំពុងតែជាប់គាំងនៅក្នុងការឆ្ពោះទៅរកការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ក្នុងនោះមានការហាមបញ្ជូនពលករទៅក្រៅប្រទេស ហាមនាវាកូរ៉េខាងជើងចូលចតនៅតាមកំពុងផែរប្រទេសនានា ក៏ដូចជានៅក្នុងវិស័យពាណិជ្ជកម្មជាដើម។

ជប៉ុនបានគាំទ្រដល់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ហើយជំរុញឲ្យចិនត្រូវតែខិតខំជាងនេះនៅក្នុងការដាក់គំនៀបលើកូរ៉េខាងជើង។ ចំណុចទាំងនោះហើយទើបអាចទប់ស្កាត់ទឹកប្រាក់ដែលហូរចូលកូរ៉េខាងជើង ដើម្បីបំពេញកម្មវិធីបរមាណូរបស់ប្រទេសនេះ។

យោងតាមតួលេខផ្លូវការ នៅឆមាសទីមួយឆ្នាំ២០១៧នេះ ការដោះដូរពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើងបានកើនឡើងជាង១០ភាគរយ បើទោះបីជាចិនបានសន្យាថានឹងខិតខំដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក៏ដោយ។ តែយ៉ាងណា មន្ត្រីចិនអះអាងថា តួលេខកើនឡើងគឺផ្អែកលើការនាំចូលទំនិញប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាជនកូរ៉េខាងជើង ឯការនាំចេញទំនិញកូរ៉េខាងជើងមកកាន់ចិនបានធ្លាក់ចុះខ្លាំងណាស់។

រដ្ឋបាលពន្ធដារចិនបានបង្ហាញតួលេខផ្លូវការថា នៅឆមាសទី១ដើមឆ្នាំ២០១៧នេះ ការដោះដូរពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើង បានកើនឡើងចំនួន ១០,៥ភាគរយ។ យោងតាមតួលេខដែលគិតទៅតាមអាត្រាប្រាក់ដុល្លារនេះបង្ហាញថា ការនាំចេញទំនិញចិនទៅកាន់កូរ៉េខាងជើង បានកើនឡើងចំនួន ២៩,១ភាគរយ រីឯការនាំចូលទំនិញកូរ៉េខាងជើងមកកាន់ចិនវិញ បានថយចុះចំនួន ១៣,២ភាគរយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

គួររំលឹកថា កាលពីត្រីមាសទី១ ដើមឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានប្រកាសតួលេខកើនឡើងនៃការដោះដូរពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើងដល់ទៅ ៣០,៦ភាគរយ បើគិតជាប្រាក់ដុល្លារ។ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងពីតួលេខនេះ ហើយបានរិះគន់រដ្ឋាភិបាលចិន ថាបានសន្យាតែមាត់ តែការពិតនៅតែបន្តរកស៊ីជាមួយកូរ៉េខាងជើងដដែល៕ ម៉ែវ សាធី


ចែករំលែក៖