ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធុត់មួយ បានកើតឡើងនៅតាមបណ្ដោយផ្លូវវេងស្រេង ព្រោះតែយុវជនម្នាក់ ត្រូវបានរថយន្តកុងតឺន័រកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង និងមានប្រុស ស្រី២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលរថយន្តកុងតឺន័របើកបុករថយន្តហាយឡែនឌ័ររងការខូចខាតនិងមិនទាន់អស់ល្បឿន មកកិនជនរងគ្រោះ រួមទាំងខ្ទេចម៉ូតូ១គ្រឿងផងដែរ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរចំណុចលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះមានឈ្មោះ ញៀន ចាន់ណា អាយុ២៥ឆ្នាំ មុខរបរជាងសំណង់នៅកោះពេជ្រ ស្នាក់នៅក្នុងករដ្ឋានសំណង់ និងមានស្រុកកំណើតនៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ រីឯយុវជនប្រុស ស្រី២នាក់ទៀត ដែលបានរងរបួសធ្ងន់នោះ មិនបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះភ្លាមៗរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យឯកជនភ្លាមៗ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅដំបូងគឺ យុវជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូឌុបគ្នា ដែលម៉ូតូម៉ាកស្មាក់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-3819 បានធ្វើដំណើបញ្ច្រាសផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានមកបុកមនុស្សស្រីម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឲ្យដួលម៉ូតូ ទាំងជនរងគ្រោះដេកដួលនៅកណ្ដាលផ្លូវ ស្របពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកFU SO ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ3B-7793 បានបើកតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលមកបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7848 ដែលបើកនៅពីមុខស្របទិសគ្នា បណ្ដាលឲ្យគៀបនិងទ្រូងផ្លូវ រួមទាំងទៅកិនយុវជនម្នាក់ដែលកំពុងតែដួលនៅពីមុខ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រុសស្រីដែលឆ្លងផ្លូវ និងអ្នករួមដំណើរងរបួសធ្ងន់ ហើយរថយន្តបង្កបានកិនម៉ូតូជនរងគ្រោះកល់ជាប់ទៅមុខលេងរួច ។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្កក៏បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល តែត្រូវបានប្រជាពលរដ្ឋចាប់ព្រូរថយន្តម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ យុវជនប្រុសស្រីរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យឯកជន ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារមកទទួលដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូ និងរថយន្តហាយឡែនឌ័ររងគ្រោះ រួមទាំងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ