ការរត់ពន្ធមនុស្ស ភាគច្រើនកើតឡើងនៅក្នុងប្រទេសក្រីក្រ ប្រឈមនឹង អំពើ ហិង្សា ប៉ុន្តែពេលនេះបានកើតឡើងនៅលើទឹកដីមហាអំណាចពិភពលោក សហ រដ្ឋអាមេរិកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះជារឿងរន្ធត់ ក្រោយពេលប៉ូលិស អាមេរិកបានរកឃើញ មានមនុស្ស៨នាក់ ស្លាប់ ជាងម្ភៃនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង នៅក្នុងរថយន្តកាមីញ៉ុងមួយចតចោលនៅទីវាលមុខផ្សារ នាក្រុង San Antonio រដ្ឋតិចសាស់។ បើតាមអាជ្ញាធរមូលដ្ឋាន ជនរងគ្រោះទាំងនោះទំនងជាមានពាក់ព័ន្ធនឹងសំណុំរឿងជួញដូរមនុស្ស។
បុគ្គលិកធ្វើការនៅក្នុងផ្សារទំនើបម្នាក់ បានផ្តល់ដំណឹងសង្ស័យដល់ប៉ូលិសមូលដ្ឋាន ក្រោយពីបានឱ្យទឹកអ្នកដំណើរជិះ ក្នុងរថយន្តកាមីញ៉ុងម្នាក់ផឹក។ ជាការពិត ពេលប៉ូលិសមកដល់ និងធ្វើការឆែកឆេរ ស្រាប់តែឃើញសាកសពមនុស្ស៨នាក់ និងមនុស្សជាងម្ភៃនាក់ទៀត កំពុងត្រដរ ខ្យល់ខ្សោះជាតិទឹក ខ្លះធ្ងន់ធ្ងរខ្លាំង ខ្លះគួរ ឱ្យព្រួយបារម្ភ ដែលត្រូវការសង្គ្រោះបន្ទាន់បំផុត។ នៅក្នុងចំណោមអ្នករួចពីស្លាប់ មួយចំនួនផ្សេងទៀត មានពីរនាក់ជាកុមារ និងជាច្រើននាក់ទៀតរងរបួស ព្រោះប្រព័ន្ធខ្សល់ម៉ាស៊ីនត្រជាក់រថយន្តខូច។ នេះបើតាមការរៀបរាប់លម្អិតរបស់ក្រុមអ្នក សង្គ្រោះ។
បើតាមរូបភាពវីដេអូសុវត្ថិភាពនៅ ចំណតរថយន្តរបស់ផ្សារ មានរថយន្តជា ច្រើនបានមកទទួលទំនិញ (យកមនុស្ស) ពីរថយន្តកាមីញ៉ុងនេះ នៅពេលយប់។ ហេតុដូច្នេះហើយបានជាប៉ូលិសសង្ស័យថា នេះជាសកម្មភាពជួញដូរមនុស្សដ៏រន្ធត់មួយ។ អ្នកបើកឡាននោះត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីកាត់ទោស។
ទីក្រុង San Antonio នៃរដ្ឋតិចសាស់ ស្ថិតនៅជិតព្រំដែនជាប់ប្រទេសម៉ិចស៊ិក និងមានច្រកចេញចូលខុសច្បាប់ច្រើនណាស់។ បើតាមមេប៉ូលិស នេះមិនមែន ជាឧប្បត្តិហេតុដំបូង ដាច់ដោយឡែកទេ ! ករណីរត់ពន្ធមនុស្សបែបនេះធ្លាប់មានច្រើនលើកមកហើយ គ្រាន់តែនៅ លើកនេះ ប៉ូលិសចាប់បានដោយចៃដន្យ និងមានអ្នក រួចជីវិត។
គ្មានព័ត៌មានលម្អិតទាក់ទងនឹងជាតិសាសន៍របស់ក្រុមជនរងគ្រោះក្នុងរថយន្តកាមីញ៉ុងនោះទេ ប៉ុន្តែភ្នាក់ងារអន្តោ ប្រវេសន៍បានទទួលដំណឹងនិងទទួលបន្ទុកការងារនេះហើយ៕ ម៉ែវ សាធី