ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជិត១០០នាក់ដោយការវាយប្រហាររបស់ក្រុមតាលីបង់ទៅលើបន្ទាយទាហាអាហ្វហ្គានីស្ថាន

ចែករំលែក៖

ក្រុមភេរវកម្ម តាលីបង់បានបើកការវាយប្រហារ ទៅលើ បន្ទាយយោធា នៅភាគខាងត្បូង ប្រទេសនេះ សម្លាប់ទាហានដល់ទៅ២៦នាក់ និង១៣នាក់រងរបួស ក្រុមតាលីបង់ ជាង ៨០នាក់ស្លាប់។ ការវាយប្រហារកើតឡើង នៅថ្ងៃទី ២៦ ខែកក្កដា ។

តាំងពីដើមឆ្នាំមកក្រុមតាលីបង់បានបើកការវាយប្រហារបន្ទាយទាហាន និងទីស្នាក់ការប៉ូលិសនៅអាហ្វហ្កានីស្ថាន ហើយច្រើនវាយប្រហារពេលយប់ ពេលទាហានកំពុងសម្រាក។ ថ្ងៃទី២១ ខែមេសា ក្រុមភេរវជនបានវាយប្រហារបន្ទាយទាហានមួយកន្លែងនៅភាគខាងជើង សម្លាប់មនុស្ស១៣៥នាក់។ ខែឧសភា ក្រុមតាលីបង់បានវាយប្រហារបន្ទាយទាហាន និងទីតាំងប៉ូលិសយ៉ាងហោច ក៏៣កន្លែងដែរ នៅតំបន់ កាន់ដាហា ជិតព្រំដែនប៉ាគីស្ថានធ្វើឲ្យស្លាប់មនុស្សជាង៦០នាក់។

ក្រុមភេរវជនតាលីបង់បានដឹកសកម្មជនខ្លួនរាប់សិបនាក់ចូលទៅវាយប្រហារបន្ទាយយោធា កាហ្សាលី Karzaliនៅខែត្រកាន់ដាហាភាគខាងត្បូងអាហ្វហ្កានីស្ថាន ធ្វើអោយទាហានស្លាប់២៦នាក់។ យោងតាមសាក្សីមួយរូបដែលរស់នៅតំបន់មានបន្ទាយទាហានមួយនេះក្រុមតាលីបង់មានគ្នីគ្នារហូតរាប់រយនាក់ឯណោះបានបើករថយន្តជាង៣០គ្រឿងចូលទៅវាយប្រហារបន្ទាយទាហាន កាហ្សាលី។

ទាហានអាហ្វហ្កានីស្ថានបានសុំជំនួយពីទ័ពអាកាស អោយទំលាក់គ្រាប់បែកវាយតបតទៅក្រុមតាលីបង់វិញ។ មន្ត្រីទាហានអាហ្វហ្កានីស្ថានមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់ថា ពេលដកថយទៅវិញ ពួកតាលីបង់បានយករថយន្តទាហានជាច្រើនគ្រឿង និងអាវុធមួយចំនួនទៅជាមួយដែរ។បន្ទាយទាហានកាហ្សាលី ស្ថិតនៅជិតតំបន់ហ៊ែលម៉ាន់ដែលជាសំបុកក្រុមតាលីបង់។

គិតជាងមួយសប្តាហ៍មកនេះក្រុមភេរវជនបានបង្កើនការវាយលុកគ្រប់ទិសទី នៅអាហ្វហ្កានីស្ថានបង្កភេរវកម្មបំផ្ទុះរថយន្តកាលពីថ្ងៃចន្ទកន្លងទៅនៅភាគខាងលិចក្រុងកាប៊ូល សម្លាប់មនុស្ស២៦នាក់។ ចុងសប្តាហ៍កន្លងទៅក្រុមតាលីបង់បានចាប់ខ្លួនអ្នកភូមិប្រហែល៧០នាក់នៅខាងជើងខែត្រកាន់ដាហា។ ក្រុមតាលីបង់សង្ស័យថាអ្នកភូមិទាំងនេះសហការជាមួយរដ្ឋាភិបាល។ កាលពីថ្ងៃសៅរ៍អ្នកភូមិជាង៣០នាក់ ត្រូវបានដោះលែងមកវិញ។តែគេរកឃើញសាកសពអ្នកភូមិ៧នាក់ផ្សេងទៀត នៅតាមផ្លូវមួយកន្លែង។ ពេលនេះប៉ូលិសកំពុងតាមរកអ្នកភូមិដែលនៅសេសសល់ផ្សេងទៀត៕ ម៉ែវ សាធី


ចែករំលែក៖