ភ្នំពេញ៖ លោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ជនជាប់ចោទត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ដដែល ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ សាលាឧទ្ធរណ៍ទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងសាទុក្ខតាមកំណត់ច្បាប់ ។
ក្រុមអ្នកសារព័ត៌មានអនុញ្ញាតិឲ្យចូលរួមសវនាការ តែត្រូវរក្សាទុកទូរស័ព្ទ ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅខាងក្រៅ ។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ៕ចេស្តា