ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាប និងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយខុសច្បាប់ ដកហូតយកបានវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)ចំនួន០៣កញ្ចប់តូច ម៉ូតូ ១គ្រឿង ទូរស័ព្ទ៤គ្រឿង និងលុយខ្មែរចំនួន៤០ម៉ឺនរៀល។
ដោយឡែកចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ បង្ក្រាបទីតាំង ស្ថិតក្នុងភូមិរជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មកទៀត នៅត្រង់ចំណុចអូរលាង គ្រោះស្ថិតនៅក្នុង ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជំុវិញរឿងនេះ លោកវរៈសេនីយ៍ឯក ដួង វិចិត្រ ខាងមន្ទីរព័ត៌មាននិងសន្តិសុខអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនោះ ទី១មានឈ្មោះ ហុង លីហួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដឹកឈើស្នាក់នៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង ទី ២ ឈ្មោះ រុន វី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំកោះព្រះ ស្រុកសៀមបូក ទី៣មានឈ្មោះ ផល រ៉ាវីភេទប្រុស អាយុ៣០ឆ្នាំ ទី៤មានឈ្មោះជន សុភ័ក្រ ភេទប្រុស អាយ២២ឆ្នាំ គេទាំង២នាក់ មុខរបរធ្វើចំការ មានទីលំនៅ ភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
លោកបានបន្តទៀតថា ក្នុងករណីចុះបង្ក្រាប ចាប់បានជនសង្ស័យទាំង៤នាក់នេះ ស្របពេលដែលកំលាំង របស់លោកចុះប្រតិបត្តិការ ស៊ើបអង្កេតករណីគ្រឿងញៀនខាងលើ ក៏បានជួបប្រទះជនសង្ស័យឈ្មោះលីហួ និងឈ្មោះរុន វី កំពុងចែកចាយគ្រឿងញៀន ដោយខុសច្បាប់ ។ អាវុធហត្ថខេត្តបានគ្រឿងញៀនចំនួន៣កញ្ចប់តូច រួមនិងម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង និងលុយខ្មែរ ៤០ម៉ឺនរៀល។
លោកក៏បានបន្តឲ្យដឹងទៀតថា នៅក្រោយពីបានមន្ត្រីជំនាញសាកសួរទៅលើជនសង្ស័យទាំង២នាក់រួច កម្លាំងអាវុធហត្ថខេត្តបានឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធក្នុងករណីគ្រឿងញៀននេះដែរ តែមិនបានដកហូតវត្ថុងតាងអ្វីនោះទេ រួចក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់នោះមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរបន្តទៀត។
គ្រឿងញៀនត្រូវបានធ្វើតេស្តពិតរកសារធាតុញៀនឃើញថា ពិតជាមានសារធាតុញៀនប្រាកដមែន។ ក្នុងចំណោមជនសង្ស័យ៤នាក់មាន ជនសង្ស័យម្នាក់បានឆ្លើយសារភាពថា ខ្លួនមិនបានចែកចាយទេ គ្រាន់តែជក់កុំឲ្យងងុយដេកនៅពេលដឹកឈើនៅពេលយប់តែប៉ណ្ណោះ។ ជនសង្ស័យចំនួន៣នាក់ត្រូវបានមន្ត្រីជំនាញអាវុធហត្ថធ្វើតេស្តរកសារធាតុញៀនឃើញមានសារធាតុញៀនជាប់ និងខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនមេតតំហ្វេតាមីនប្រភេទទឹកកកហៅថា (ICE)៣កញ្ចប់ សម្ភារៈនិងលុយមួយចំនួនរួម និងម៉ូតូខាងលើនោះត្រូវបានសមត្ថកិច្ចអាវុធហត្ថជំនាញខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ មាស សុផាត