បាងកក ៖ អ្នកកាសែតជើងចាស់ និងជាអ្នករិះគន់សង្គមដ៏ល្បីល្បាញរបស់ថៃ លោក ប្រាវីត រ៉ូចាណូព្រឹក្ស (Pravit Rojanaphruk) បានចេញមុខប្រតិកម្មខ្លាំងៗទៅកាន់លោក អនុទីន នាយករដ្ឋមន្ត្រីថៃ ហើយសម្តែងការមិនជឿចំពោះការលើកឡើងថា កម្ពុជា ជាអ្នកបើកការវាយប្រហារទៅលើយោធាថៃ។
ប្រតិកម្មនេះ បានកើតឡើងក្រោយពេល លោក អនុទីន បានទាមទារឱ្យប្រជាជនថៃជឿជាក់លើកងទ័ពថៃ ជាជាងជឿលើការអះអាងរបស់កម្ពុជា។ ឆ្លើយតបនឹងសំណួរដែលចោទសួរថា ការផ្ទុះសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ តើនរណាចាប់ផ្តើមមុននោះ លោក អនុទីន បានតបថា «តើអ្នកជឿជាក់លើកងទ័ពថៃ ឬសត្រូវរបស់យើង? អ្នកគឺជាជនជាតិថៃ។ កងទ័ពថៃ គឺជាកងកម្លាំងដែលអាចទុកចិត្តបាន»។
ឆ្លើយតបនឹងសម្តីនាយករដ្ឋមន្ត្រីថៃ បង្ខំឱ្យគេជឿនេះ លោក Rojanaphruk បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា «ខ្ញុំក៏ចង់ជឿជាក់លើកងទ័ពថៃដែរ ប៉ុន្តែតើអ្នកនៅចាំទេថា មេបញ្ជាការកងទ័ពថៃជំនាន់ក្រោយៗបាននិយាយប៉ុន្មានដងហើយថា នឹងមិនមានរដ្ឋប្រហារយោធាទេ? តែចុងក្រោយពួកគេនៅតែធ្វើរដ្ឋប្រហារដណ្តើមអំណាចពីប្រជាជនដដែល ដូចជានៅឆ្នាំ ១៩៩១, ២០០៦, ២០១៤ និងច្រើនទៀត»។
លោកបានសង្កត់ធ្ងន់ៗទៅកាន់នាយករដ្ឋមន្ត្រីថៃថា «ខ្ញុំសូមប្រាប់លោក Anutin ថា កុំបង្ខំប្រជាជនថៃឱ្យជឿអ្នក និងកងទ័ពថៃ គ្រាន់តែដោយសារតែពាក្យថា [ជាជនជាតិថៃ]»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច