ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្ទឹងត្រែងធ្វើពិធីលែងកូនត្រី៧ម៉ឺនក្បាល ក្នុងរដូវបិទនេសាទត្រី រដូវត្រីកំពុងពង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរខេត្តស្ទឹងត្រែង រួមនឹងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងសហការជាមួយដៃគូអង្គការសេប៉ា បានប្រារព្វធ្វើពិធីទិវាមច្ឆជាតិលើកទី១៣ នៅក្នុងខេត្តស្ទឹងត្រែង បានលែងកូនត្រីចម្រុះមានចំនួន៧ម៉ឺនក្បាលទៅក្នុងបឹងធម្មជាតិនៅភូមិបាចុង សង្កាត់​ព្រះបាទ​ ក្រុងស្ទឹងត្រែង ដើម្បីបំផុសចលនារបស់ប្រជាពលរដ្ឋ ក៏ដូចប្រជានេសាទនៅក្នុងខេត្ត ឲ្យចេះស្រឡាញ់ធនធានមច្ឆជាតិ និងនាំគ្នាចូលរួម បញ្ឈប់ការនេសាទដោយប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ ឲ្យងាកមករួមគ្នាគោរពច្បាប់ជលផលឲ្យបានទាំងអស់គ្នា។

នៅក្នុងពិធីនោះដែរ លោក ម៉ុម សារឿន គណៈអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឡើង មានប្រសាសន៍ថា ការគោរពច្បាប់ជលផលគឺជាការចូលរួម ស្រឡាញ់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា ដូចនេះ អ្នកនេសាទទាំងអស់ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លួចលាក់បន្តទៀត។

លោកអភិបាលខេត្តបន្តថា ជាមួយនឹងការថែរក្សា និងអភិរក្សពូជត្រីសំខាន់ៗនៅទន្លេមេគង្គលើ នៃខេត្តស្ទឹងត្រែងនេះ មន្ទីរកសិកម្ម និងផ្នែកជលផលត្រូវបង្កើតឲ្យមានវារីវប្បកម្មនៅតាមសហគមន៍ និងនៅក្នុងមូលដ្ឋានឲ្យបានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និងជួយកាត់បន្ថយពីការពឹងផ្អែកទៅលើត្រីធម្មជាតិបានទៀតផង​។

ចំពោះលោកទុំ នីរ៉ូ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៤មក ខេត្តស្ទឹងត្រែងបានធ្វើពិធីលែងកូនត្រីបានចំនួន១៣លើករួចមកហើយ នៅតាមបឹងធម្មជាតិ ដើម្បីបង្ហាញពីការយកចិត្តទុក​ដាក់ថែរក្សានូវធនធានធម្មជាតិជីវៈចំរុះ គឺជាពិសេសនោះធនធានមច្ឆជាតិដល់សំខាន់ៗនៅ​ទឹកទន្លេមេគង្គរបស់យើង ។

លោក​បន្តទៀតថា សំខាន់ជាងនេះទៅទៀត​គឺបានប្រារព្វធ្វើពិធីលែងកូនត្រីថ្ងៃនេះ ដើម្បីចង់ដាស់ស្មារតី​ឲ្យប្រជាពលរដ្ឋរបស់យើងមានការយល់ដឹងពីតម្លៃមច្ឆជាតិ ហើយនិងធនធាន​ជល​ផលមិនមែនជារបស់នណាម្នាក់នោះទេ គឺជារបស់យើងទាំងអស់គ្នា ត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា ទាំងការប្រើប្រាស់ទាំងការចូលរួមថែរក្សាការពារ រួមនឹងអភិរក្សធនធានជលផលរបស់យើង ឲ្យវាបានសំបូរនិងមាននិរន្តរភាពទៅដល់កូនចៅយើងជំនាន់ក្រោយៗទៀតផង ។

លោក ផេង កុសល់ ប្រជា សហគមន៍របស់អង្គការមហាជនមូលដ្ឋាន រស់នៅក្នុងភូមិញាំស៊ំុ ឃំុថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាបណ្តាញសហគមន៍ ដៃគូរជាមួយអង្គការសេប៉ា លោកមានការត្រែកអរ និងមានការពេញចិត្តយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំខេត្តនិងខាងខណ្ឌរដ្ឋបាលជលផលខេត្ត បានប្រារព្វធ្វើនៅទិវាមច្ឆជាតិជារៀងរាល់ឆ្នាំនេះ ដោយមានការលែងកូនត្រី គឺវាមានសារៈប្រយោជន៍ជាច្រើនទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗ ព្រោះអីត្រីវាជាប្រូតេអីុនដល់សំខាន់សម្រាប់ទ្រទ្រុងសុខភាពប្រចាំថ្ងៃរបស់ប្រជាជនយើងគ្រប់គ្នា ។

លោកបានសំណូមពរទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទទាំងអស់គ្នា ដែលនេសាទនៅតាមដងទន្លេក្តី តាមអូរក្តី សូមឲ្យពួកគាត់រក្សានៅច្បាប់ជលផលទាំងអស់គ្នា ហើយចេះគោរពអនុវត្តន៍ច្បាប់ឲ្យបានទាំងអស់គ្នា កំុប្រើប្រាស់នៅអ្វីដែលច្បាប់គេហាមឃាត់ ដើម្បីទុកឲ្យត្រីពងកូនបានគង់វង្សស្ថិតស្ថេរទៅអ្នកក្រោយៗទៀត កំុឲ្យផុតពូជ ។

លោកបានបញ្ជាក់ថា បើសិនជាបងប្អូនធ្វើការនេសាទត្រីត្រូវនេសាទតាមបែបលក្ខណៈគ្រួសារប្រើប្រាស់នៅឧបករណ៍ច្បាប់អនុញ្ញាតិដូចជា មង សំណាញ់ ដាក់រនងសន្ទូច តាមធម្មត្តា ដែលច្បាប់បានកំណត់ឲ្យ សូមហាមឃាត់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជា ឆក់ បោកគ្រាប់បែក ដាក់ថ្នាំបំពុល ដាក់ដាយស្បៃម៉ុង និងដាក់អួន ជាដើម ជាពិសេសនោះនៅរដូវបិទនេសាទសូមកំុឲ្យប្រើប្រាស់នៅឧបករណ៍អ្វីដែលខុសច្បាប់ដាច់ខាត ។

គួររំលឹកថា ចំពោះបទល្មើសនេសាទទាំងនេះ ចាប់ពីឆ្នាំ២០១៦ និងនៅក្នុងឆមាសទី១ ឆ្នាំ២០១៧ មន្ត្រីខណ្ឌរដ្ឋជលផលសហសការណ៍ជាមួយកំលាំងជំនាញបង្ក្រាប​បានចំនួន១០ករណីហើយ ក្នុងនោះករណី គប់គ្រាប់​បែកមាន២ករណី ប្រើឧបករណ៍ឆក់ មាន៨ករណី ដោយរឹបអូសបានវត្ថុតាងរួមមានក្បាល់ឆក់ ២០គ្រឿង អាគុយ ១២ គ្រឿង ទូកម៉ាស៊ីន៤គ្រឿង បានបំផ្លាញរបាំង ​បិទអូរសំរាប់ដាក់ដាយ ៤៥កន្លែង និងរឹបអូសមងគ្រប់ប្រភេទក្នុងរដូវបិទនេសាទមានប្រវែងជាង ៤មឺុនម៉ែត្រ និងអប់រំប្រជាអ្នកនេសាទមានចំនួន ៨២៣នាក់ ។

សូមបញ្ជាក់ដែលថា ក្នងការលែងកូនត្រីនៅក្នុងខេត្តស្ទឹងត្រែងយើងនេះ ជាលើកទី១៣​ហើយ នៅឆ្នាំនេះ​​មានការប្រលែងកូនមានចំនួនសរុប ៧ម៉ឺនក្បាល ក្នុងនោះមានត្រីមេពូជចំនួន ៣០០គីឡូក្រាម កូនត្រី ស្ពិន កូនត្រីក្រាញ់ កូនត្រីកន្ធ នៅក្នុងបឹងធម្មជាតិខាងក្រោយជើងភ្នំព្រះធាតុហៅទំណុបបាចុង ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ៕ មាស សុផាត


ចែករំលែក៖