ភ្នំពេញ ៖ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍នេះ អំឡុងជួបជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបារម្ភពីភាពកកកុញ នៃចំនួនអ្នកទោសក្នុងពន្ធនាគារ ដែលបណ្ដាលមកពីការបង្ក្រាបបទល្មើសគ្រឿងញៀននារយៈពេល៦ខែកន្លងទៅនេះ។
លោក ប៉ោ ភក្តី អគ្គលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកកាសែតថា លោកស្រី ណារ៉ូ ស្មីត បានលើកឡើងពីក្តីកង្វល់មួយចំនួន ស្តីពីការកកកុញនៃអ្នកជាប់ឃុំ ជាពិសេសលទ្ធផល នៃការធ្វើ យុទ្ធនាការនៃការប្រឆាំងគ្រឿងញៀន រយៈពេល៦ខែលើកទី១ ដែលទើបត្រូវបានបញ្ចប់ទៅនេះ គឺកាន់តែធ្វើឲ្យចំនួនអ្នកជាប់ពន្ធនាគារ មានការកើនឡើង ដែលជាការកង្វល់របស់លោកស្រី ។
ជាការឆ្លើយតបសម្តេច ស ខេង បានទទួលស្គាល់ថា ពន្ធនាគារពិតជាមានសភាពចង្អៀតមែន ដោយសារលទ្ធផល នៃការបង្ក្រាបគ្រឿងញៀន ដែលមានជនសង្ស័យជាប់ពាក់ព័ន្ធ ប្រមាណជិត១ម៉ឺននាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងឱកាសនោះសម្ដេចបានថ្លែងថា ទាំងក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានគិតគូពីបញ្ហាដោយនឹងបន្តកសាងពន្ធនាគារថ្មី បន្ថែមទៀត។
ពាក់ព័ន្ធដល់ការកើនឡើងនៃចំនួនអ្នកទោសក្នុងពន្ធនាគារនេះដែរ អំឡុងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីសប្ដាហ៍មុន លោកស្រី ស្មីត ក៏បានលើកមកនិយាយផងដែរ អំពីការស្នើសុំឲ្យអ្នកជាប់ឃុំបណ្ដោះអាសន្ន ទៅធ្វើការក្នុងសហគមន៍ដែលមានការឃ្លាំមើលពីសមត្ថកិច្ច៕ ហេង សូរិយា