ចំនួនពលរដ្ឋគំាទ្រប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានកើនឡើងខ្ពស់ជាងមុនក្រោយពេលដែលលោកត្រាំ បង្ហាញពីភាពរឹងមាំគំរាមកំហែងវាយប្រហារទៅលើកូរ៉េខាងជើង។ នៅពេលនេះ ចំនួនពលរដ្ឋគាំទ្រលោកត្រាំកើនឡើងដល់៤៥ភាគរយ បើប្រៀបធៀបនឹងពេលមុនដែលមានតែ៣៩ភាគរយ។
នៅពេលនេះ ពលរដ្ឋអាមេរិករាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខអគារពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ Trump Tower នាទីក្រុងញូវយ៉ក។ ប៉ូលីសជាច្រើននាក់ត្រូវបានគេដាក់ពង្រាយនៅតាមតំបន់ផ្លូវនានានៅជុំវិញអគារខាងលើ ការពារសុវត្ថិភាព ដល់ប្រធានាធិបតីត្រាំ ដែលនឹងធ្វើដំណើរមកដល់អគារនេះជាលើកដំបូង គិតចាប់តាំងពីពេលលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករួចមក។
អ្នកតវ៉ាប្រឆាំងទាំងអស់ សុទ្ធតែមានការមិនពេញចិត្តទៅលើលោកប្រធានាធីបតីអាមេរិកដូណាល់ ត្រាំទៅលើការស្តាយនៃការដឹកនាំប្រទេសរបស់លោកដោយមានអ្នកខ្លះថែមទាំងបានលើបដាឲ្យមានការលាចេញពីតំណែងប្រធានាធិបតីផងដែរ។
កន្លងមកនៅក្នុងការស្ទងមតិបង្ហាញឲ្យឃើញថា ពលរដ្ឋ អាមេរិក មានការគាំទ្រលោកត្រាំ កើនឡើងក្រោយពេលដែលមានភាពរឹងមាំ ប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង។ តាមលទ្ធផលស្រាវជ្រាវរបស់អង្គការស្ទង់មតិ Rasmussen បានប្រកាសឲ្យដឹងថាការគាំទ្ររបស់ពលរដ្ឋកើនឡើងដោយសារតែលោកត្រាំបង្ហាញពីគោលជំហរច្បាស់លាសទៅលើកូរ៉េខាងជើង។
កាលពីសប្តាហ៍កន្លងមកលោកត្រាំបានគំរាមវាយប្រហារកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ មិនបោះបង់កម្មវិធីបរមាណូនោះ។
ប៉ុន្តែប្រធានាធិបតីអាមេរិកនៅតែរងការប្រឆាំងខ្ពស់ពីពលរដ្ឋ។ ពលរដ្ឋអាមេរិក៥៣ភាគរយដែលចូលរួមស្ទង់មតិបង្ហាញឲ្យឃើញថា ពួកគាត់បង្ហាញការខកចិត្តចំពោះការដឹកនាំរបស់លោកត្រាំ ដដែល៕ ម៉ែវ សាធី